កណ្ដាល៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ករណីរំលោភលើលំនៅដ្ឋាន ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន សុធារិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ (០២នាក់)
១-ឈ្មោះ គ្រី ប៉េងឡេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ ជាងដែក មានទីលំនៅភូមិ ព្រែកពោធិ៍ ឃុំ ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) ,២-ឈ្មោះ ហង្ស សុផារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិ ព្រែកថ្លឹង សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ។ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក
ញញួរដងដែកចំនួន០១ដើម ។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង៤៥នាទី ជនរងគ្រោះកំពុងលាងម៉ូតូរបស់ខ្លួន នៅមុខផ្ទះពេលនោះក៏មានជនសង្ស័យ០២នាក់បានបើករ៉ឺម៉កមកដល់មុខផ្ទះរួចហើយដើរសុំដៅចូលទៅក្នុងផ្ទះ និងបានស្រែកឡូឡារករឿងជនរងគ្រោះ ចំណែក ជនសង្ស័យម្នាក់ទៀតបានកាន់ញញួរឈរចាំវាយម្ចាស់ផ្ទះ។
ពេលនោះក៏ជនរងគ្រោះបានខលទូរសព្ទមកសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយឲ្យជួយអន្តរាគមន៍។ក្រោយពីទទួលបានព័ត៌មានការលើភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ បានសហការជាមួយកម្លាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ។ពេលនោះក៏ឃើញជនសង្ស័យទាំងពីរនាក់មានស្ថានភាពស្រវឹងជោកជាំ និងបានឃាត់ជនសង្ស័យទាំងពីរកុំឲ្យស្រែកឡូឡាដាក់ម្ចាស់ផ្ទះ តែជនសង្ស័យទាំងពីរនាក់មិនព្រមស្តាប់ និងបានស្រែកដាក់សមត្ថកិច្ចថា អាងគ្នាច្រើនមែន និងបានប្រើហិង្សាមកលើសមត្ថកិច្ច ភ្លាមនោះក៏សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយកមកអធិការដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕