រថយន្ត​ដឹក​បន្លែ​បេីកបុក​ឡំប្រឺតារុញ​ផ្ទប់ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រុស​មួយ​គ្រឿង​ទៀត​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ រងការ​ខូចខាត​

ចែករំលែក៖

​   ភ្នំពេញ​៖ រថយន្ត​សាំយ៉ុង​ដឹក​បន្លែ​បេីក​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានជ្រុល​ទៅ​បុក​ឡំប្រឺតារុញ​ផ្ទប់ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រុស​ដែល​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ពី​ក្រោយ​បណ្តាល​អោយ​រងការ​ខូចខាត​ ។​
ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​១៥ខែ​កក្កដា​ឆ្នាំ​២០២៥​ នៅចំណុច​ភ្លើងស្តុប​ទួល​ទំពូង​ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ១៦៣ សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​បឹង​កេង​កង​ ។
​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្តម៉ាក​សាំយ៉ុង​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-9640 ដឹក​បន្លែ​ចម្រុះពេញ​មួយ​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ព្រម​ទាំង​មាន​ភ្លើង​ស្តុប​ ស្រាប់​តែ​អ្នក​បេីក​បរ​ជាន់​ហ្រ្វ័ង​មិន​ស៊ី​ ទេីប​ធ្វើ​អោយ​រថយន្ត​ជ្រុល​ទៅ​បុក​ឡំប្រឺតាពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រៃវែង​1Q-9507  រុញ​ផ្ទប់ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រុស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU- 7489 ដែល​ឈប់​រង់ចាំ​ភ្លើង​ស្តុប​ បណ្ដាល​ឲ្យ​រថយន្ត​តូយ៉ូតា​ព្រុស​រងការ​ខូចខាត​ផ្នែក​កាង​ក្រោយ​ ចំណែក​ឡំប្រឺតារងការ​ខូចខាត​ផ្នែក​កាង​មុខ​និង​ផ្នែក​ខាង​ក្រោយ​តិចតួច​ ។
​   ដោយឡែក​រថយន្ត​សាំយ៉ុង​វិញ​រង​ការ​ខូចខាត​ផ្នែក​កាង​ខាងមុខ​តិចតួច​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់នោះ​ទេ​ ។
​   ក្នុង​ករណី​នេះ​ផង​ដែរ​ បន្តិច​ក្រោយ​មក​ក៏មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ បានចុះ​ទៅ​បាញ់​ថ្នាំ​ហេីយ​យក​មធ្យោបាយ​ទាំងអស់​អែប​កៀន​ កុំ​អោយ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​និង​អោយ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ផង​ដែរ​  ។
​  ក្រោយ​កេីត​ហេតុ​ ភាគី​ទាំង​សងខាង​បាន​សម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​សាំយ៉ុង​បានសង​សំណង​ទៅ​ខាង​រថយន្ត​តូយ៉ូតា​ព្រុស​ចំនួន​៧០ដុល្លារ​និង​សងសំណង​ទៅ​ខាង​ឡំប្រឺតាចំនួន​៤០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​តែ​ម្តង​៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print