អន្តរជាតិ ៖ «ប្រទេសចិនស្អាត» ជាបញ្ញត្តិដ៏ពេញនិយមនៅក្នុងប្រទេសចិនដែលមិនត្រឹមតែជាយុទ្ធសាស្ត្របរិស្ថានជាតិរបស់ខ្លួននោះទេ វាថែមទាំងផ្តល់នូវកំណើនយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច និងផ្តល់ជាទស្សនាទានដល់នយោបាយការទូតពីប្រទេសចិនទៅដល់ទស្សនវិជ្ជាសកល។ «ប្រទេសចិនស្អាត» ជាប្រព័ន្ធគំនិតដែលផ្តល់ទឡ្ហីករណ៍ប្រកបដោយវិទ្យាសាស្ត្រស្តីពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិគឺជាអង្គឯកភាពរួមគ្នា ហើយទស្សនៈនេះបានបន្តពង្រីកវិសាលភាពក្លាយជាអរិយធម៌អេកូឡូស៊ីស្របតាមប្រាជ្ញាចិនដែលបានផ្តួចផ្តើមនិងប្រតិបត្តិយ៉ាងស៊ីជម្រៅដោយលោក Xi Jinping ប្រធានរដ្ឋចិន។ ការកសាង«ប្រទេសចិនស្រស់ស្អាត» ជាគោលដៅនៃការអភិវឌ្ឍអរិយធម៌អេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា និងជាបើកជំពូកថ្មីរបស់ប្រទេសចិននៅក្នុងការលើកកម្ពស់បៃតងភាពយ៉ាងពេញលេញដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុងទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយក្លាយជាបទពិសោធន៍ដែលពិភពលោកកំពុងរៀនសូត្រតាមលំអានរបស់ប្រទេសចិន។ ជាសច្ចភាព នៅក្នុងសតវត្សរ៍ទី២១នេះ ប្រទេសចិនបានយល់ច្បាស់ថា ចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ច មនុស្សជាតិមិនអាចដាច់ពីបញ្ហាបរិស្ថានឡើយ ហើយភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយធនធានធម្មជាតិ ការបំពុលបរិស្ថាន និងភាពមិនសមនឹងគ្នានៃការអភិវឌ្ឍតាមតំបន់ កំពុងបង្កឱ្យមានការចោទសួរជាថ្មីលើស្វ័យភាពនៃការអភិវឌ្ឍសង្គមមនុស្ស ដែលលើកទឹកចិត្តដល់ប្រទេសចិនបង្កើនទំហំពណ៌បៃតងក្នុងប្រទេសរបស់ខ្លួដោយបានពង្រីកឥតឈប់ឈរនូវផ្ទៃដីព្រៃឈើដែលចិនបានដាំដោយកម្លាំងមនុស្សទំហំសរុបរហូតដល់ទៅប្រហែល៨៧លានហិកតា ស្ថិតនៅលំដាប់ទីមួយលើពិភពលោក ពោលគឺប្រទេសចិនជាប្រទេសដែលបង្កើនចំនួនធនធានព្រៃឈើច្រើនបំផុតនិងក្នុងល្បឿនលឿនបំផុតលើពិភពលោក ហើយចូលសតវត្សរ៍ទី២១មក ក្នុងចំណោមទំហំព្រៃឈើដែលបង្កើតថ្មីលើពិភពលោក ទំហំ២៥%គឺស្ថិតក្នុងប្រទេសចិន។ ក្នុងបរិបទនេះ ប្រទេសចិនបាននិងកំពុងរះឡើងជាអ្នកដឹកនាំផ្នែកទស្សនវិស័យអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈគំនិត «ប្រទេសចិនស្អាត» ដែលផ្អែកលើបដិវត្តន៍គំនិតអេកូឡូស៊ីនិយម និង កិច្ចកសាងសហគមន៍រួមជីវិត។
«ប្រទេសចិនស្អាត» ជាបញ្ញត្តិដើរតាមលំអានទស្សនវិជ្ជាតាវ និងទស្សនវិជ្ជាខុងជឺដែលជាគ្រឹះមូលដ្ឋានជាសារវន្តដល់ការរស់នៅជាប់ជាមួយធម្មជាតិដើម្បីបង្កើតទំនាក់ទំនងជាសន្តិភាពនិងមានតុល្យភាពរវាងការអភិវឌ្ឍនិងបរិស្ថាន។ ក្នុងវិស័យទស្សនវិជ្ជាអភិវឌ្ឍន៍ ប្រទេសចិនបានបញ្ចេញទស្សនវិស័យដើម្បីផ្លាស់ប្តូរទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចពីការរីកចម្រើនគ្មានដែនកំណត់ ទៅជាការរីកចម្រើនដែលមានសុវត្ថិភាពនិងបែបចីរភាព។ បញ្ញត្តិ «ប្រទេសចិនស្អាត» ជាទស្សនវិជ្ជាចិនដែលបានផ្តោតលើគុណភាពជំនួសបរិមាណ និងផ្តល់ជាគតិដល់មនុស្សជាតិឱ្យយល់យ៉ាងច្បាស់ថាប្រទេសចិនបាននិងកំពុងផ្តល់បច្ច័យទានពីការថែរក្សាបរិស្ថានមិនមែនជាឧបសគ្គនៃអភិវឌ្ឍទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់និន្នាការវឌ្ឍនភាពរីកចម្រើនដ៏ប្រសើរនៃសេដ្ឋកិច្ចបៃតងដោយរួមបញ្ចូលនូវកំណើនទេសចរដែលជាមាសបៃតងថែមទៀតផង។ បញ្ញត្តិ «ប្រទេសចិនស្អាត» ក៏ផ្តល់គំរូភាពជាសកលថា ការអភិវឌ្ឍតាមបែបផែនចិនបន្តរក្សាភាពគង់វង្សនៃធនធានធម្មជាតិរបស់ពិភពលោក ពោលគឺបញ្ញត្តិនេះបានផ្ទេរទៅភាពជាដៃគូសកលដោយបានផ្ដល់ជំនួយបច្ចេកទេស និងគំនិតសម្រាប់ការអភិវឌ្ឍបៃតងដល់ប្រទេសនានា ជាពិសេសសម្រួចដល់ការអនុវត្តគម្រោងបៃតងនានាក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ជាក់ស្តែងផលិតផលរថយន្តអគ្គិសនីរបស់ប្រទេសចិនបានក្លាយជាម៉ាកផលិតផលសកលប្រកបដោយទំនុកចិត្ត ដែលនេះជាការរួមចំណែកដល់ពិភពលោកក្នុងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ព្រមទាំងជាការប្តេជ្ញាចិត្តប្រកបដោយទំនួលខុសត្រូវរបស់ប្រទេសចិនសម្រាប់ផែនដីដែលជាផ្ទះរួមរបស់យើងលើអព្យាក្រឹតកាបូននៅក្នុងលំហ អាកាស ។
បញ្ញត្តិ «ប្រទេសចិនស្អាត» ត្រូវបានអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថាជាទស្សនវិជ្ជាមួយ ដែលផ្តល់លំនាំអភិវឌ្ឍជឿនលឿន និងជាឯកសារសកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដោយស្ថិតនៅលើមូលដ្ឋាន ជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកលដោយរក្សាបាននូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងសន្និសីទជាតិស្តីពីការការពារបរិស្ថាននិងអេកូឡូស៊ី ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ដោយបានស្នើឱ្យលើកកម្ពស់ទូលំទូលាយការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងពន្លឿនទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ការណ៍នេះបានគូសបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងចាក់បញ្ចូលក្នុងសង្គមរបស់ខ្លួននូវអរិយធម៌អេកូឡូស៊ីដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ បន្ថែមពីលើនេះ ពិភពលោកបានចងចាំងយ៉ាងច្បាស់ថា ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរនូវបន្ទាត់ក្រហមនៃការការពារបរិស្ថានអេកូឡូស៊ីក្នុងប្រទេសចិនចាក់បញ្ចូលបន្ថែមទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសចិនជាជើងឯកក្នុងការផ្តួចផ្តើម និងជាប្រតិបត្តិករយ៉ាងខ្ជាប់ខ្ជួនដល់កិច្ចព្រមព្រៀងប៉ារីសនេះ។
ជារួម «ប្រទេសចិនស្អាត» បានពន្លាតទស្សនៈប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពី «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កាលពីថ្ងៃទី១៨ ខែឧសភា ២០០៥ ហើយក៏ជាពន្លាតវិសាលភាពនៃទិវាជាតិអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនដោយបានចេញដំណើរពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបានជួយយ៉ាងសកម្មដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិនដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែកគំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន។ បន្ថែមពីលើនេះ បញ្ញត្តិ «ប្រទេសចិនស្អាត» បានជួយដល់មនុស្សចាស់របស់ប្រទេសចិនមានជីវភាពរស់នៅកាន់តែប្រសើរឡើង ឬជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិន ហើយដែលតាមរយៈនេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចបានផ្តល់ទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០៣៥ សេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រទេសចិននឹងកើនដល់៣០ទ្រីលានប្រាក់យាន់ចិន៕
ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន