រឿង រួចពីចំណង(តចប់)

ចែករំលែក៖

លុះព្រឹកឡើងមេកងបានមកទទួលយើងទៅតាមក្រុម រៀងៗខ្លួន។ ក្នុងមួយកងៗ មានប្រហែលជា ១០០ គ្រួសារហើយធ្វើដំណើរចេញពីក្រុងពោធិ៍សាត់ទៅកាន់ភូមិមួយទៀតចម្ងាយប្រហែល ១០ គីឡូម៉ែត្រដោយថ្មើរជើង។ ពេលនោះជារដូវស្រូវទុំអង្គការ បានចាត់តាំងស្រីៗឱ្យទៅច្រូតស្រូវ។ ខ្ញុំត្រូវមេកងចាត់ឲ្យធ្វើជាអ្នករែកទឹកត្នោត និងបោកស្រូវ។ យើងរស់នៅខេត្តពោធិ៍សាត់ជួបការលំបាកខ្លាំងណាស់។ ការហូបចុកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែខ្វះខាត។ ចុងភៅបានវាល់បបរចែកគ្នាដោយពេលព្រឹកទទួលបានបបរមួយពោះចាននិងពេលល្ងាចទទួលមួយចានចង្កឹះ។ អាហារនេះយើងទទួលបានតែក្នុងពេលរដូវច្រូតកាត់តែប៉ុណ្ណោះ។ ប្រសិនបើខុសពីរដូវច្រូតកាត់ អង្គការឲ្យយើងហូបអង្គរមួយកំប៉ុងសម្រាប់មនុស្សរហូតដល់ ៤០ នាក់។ ខ្ញុំនឹងប្រពន្ធមានសំណាងដែរ។ ចំពោះការហូបចុកព្រោះយើងបានស្គាល់អ៊ំស្រីម្នាក់ឈ្មោះ ម៉ុក ជាប្រពន្ធប៉ូលិសស័ក្តិបីពីសង្គមចាស់។ ម៉ុក គឺជាប្រជាជន ១៧ មេសា ហើយប្ដីរបស់គាត់បានស្លាប់ដោយសារអត់អាហារ។ ក្រោយមកធ្វើជាអ្នករើសស្រូវ។ ល្ងាចឡើងនៅពេលស្ងាត់ មុ៉ក តែងតែច្រកស្រូវក្នុងបាវក្រចៅលាក់នៅពំនូកចំបើង។ គាត់តែងហៅខ្ញុំឲ្យទៅជួយលីបាវក្រចៅដាក់ក្នុងរណ្ដៅដែលជីកស្រួច។ បន្ទាប់មកយើងបានបុកស្រូវល្មមគ្រប់គ្រាន់តែសម្រាប់ហូបមួយពេលមួយពេលៗ។ យើងចំណាយពេលប្រហែល ១០ នាទីទើបបុកស្រូវបានជាអង្ករហូប។

ដល់ថ្ងៃទី ៦ មករាឆ្នាំ ១៩៧៩ ព្រឹកឡើង ខ្ញុំបានឃើញមានយន្តហោះប្រហែល ៥ គ្រឿងហោះមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច។ ខ្ញុំឮសំឡេងឡាននិងរថភ្លើងបើកគគ្រឹកគគ្រេងអត់ឈប់ឈររហូតយប់ទល់ភ្លឺ។ ចំណែកទិសខាងកើតវិញ ខ្ញុំឮតែសំឡេងគ្រាប់កាំភ្លើងអត់ដាច់សូរសោះ។ ក្នុងចិត្តរបស់ខ្ញុំអរផងភ័យភ័យផង ព្រោះខ្ញុំគិតថាប្រហែលជាអាចមានមនុស្សមកជួយរំដោះហើយចិត្តមួយទៀត នឹកខ្លាចថាមានសង្គ្រាមធ្ងន់ធ្ងរកើតឡើង។
រហូតដ៏ព្រឹកថ្ងៃទី ១១ មករាឆ្នាំ ១៩៧៩ មានមនុស្សម្នាក់ឈ្មោះសេង ពិសិដ្ឋ ហៅស៊ាន ធ្លាប់រែកទឹកត្នោតជាមួយខ្ញុំ បានទៅរែកត្នោតនៅក្បែរផ្លូវជាតិ ក៏ឃើញមានសុទ្ធតែកងទ័ពវៀតណាមជិះឡានមកពីទិសខាងលិច។ ស៊ាន បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ខ្ញុំ ហើយថែមទាំងប្រាប់ឲ្យខ្ញុំនៅរង់ចាំកន្លែងដែលគាត់ទៅបើកអង្ករ។ យើងបានបបួលគ្នារត់មកស្រុកវិញ។ ខ្ញុំបានទៅបបួលសាច់ញាតិមួយចំនួនខាងប្រពន្ធខ្ញុំដែលនៅក្នុងកងផ្សេងៗ មកជាមួយខ្ញុំដែរ ប៉ុន្តែគាត់មិនជឿខ្ញុំទេហើយថែមទាំងពោលពាក្យមិនគប្បីគំរោះគំរើយដាក់ខ្ញុំទៀតផង។ គាត់បានស្តីបន្ទោសឲ្យខ្ញុំថា កុំមកធ្វើជាមេបះបោរឥប្រយ័ត្នរស់មិនបានយូរ ហើយទៅស្រុកវិញបានអីហូបក្រែងដាច់ពោះស្លាប់តាមផ្លូវ។ ម៉ោងប្រហែល ៩ ព្រឹកខ្ញុំ ប្រពន្ធរបស់ខ្ញុំ ឪពុកម្ដាយក្មេក បងស៊ាន និងសាច់ញាតិមួយចំនួនទៀតរបស់យើងចាកចេញពីភូមិសំដៅមកខេត្តពោធិ៍សាត់ដោយមានអម្រែកខោអាវ និងអង្ករបន្តិចបន្តួចសម្រាប់ចែកគ្នាហូបនៅតាមផ្លូវ។ យើងដើរផង រត់ផង រហូតដល់ក្រុងពោធិ៍សាត់ម៉ោងប្រហែល ៤ រសៀល។ ខ្ញុំបានឃើញសាកសពប្រជាជនខ្មែរជាច្រើនត្រូវកងទ័ពខ្មែរក្រហមកៀរសម្លាប់គរលើគ្នាមានទាំងក្មេងចាស់ ប្រុសស្រី នៅពាសពេញផ្លូវ។
ខេត្តពោធិ៍សាត់បានរំដោះនៅថ្ងៃទី ១១ ខែមករាឆ្នាំ ១៩៧៩។ ពេលដែលយើងមកដល់ក្រុងពោធិ៍សាត់ កងទ័ពខ្មែរក្រហមមិនឲ្យពួកខ្ញុំទៅណាទៀតទេ ព្រោះសភាពការណ៍មិនទាន់បានស្ងប់ស្ងាត់ទាំងស្រុង។ ដូច្នេះយើងបន្ត្តរស់នៅខេត្តពោធិ៍សាត់មួយរយៈពេលទៀត។
ថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៩ ខេត្តពោធិ៍សាត់រងការផ្ទុះអាវុធសាជាថ្មីម្ដងទៀត ដោយកងទ័ពខ្មែរក្រហមបានវាយលុកសម្រុកចូលក្នុងខេត្តពោធិ៍សាត់បានសម្រេច ប៉ុន្តែសភាពការណ៍នេះត្រូវបានកងទ័ពរណសិរ្សគ្រប់គ្រងបាន។ នៅពេលនោះកងទ័ពខ្មែរក្រហមជាច្រើននាក់បានស្លាប់ដោយសារបាក់ទ័ព។ រហូតដល់ខែឧសភា ១៩៧៩ កងទ័ពខ្មែរក្រហមត្រូវកងទ័ពរណសិរ្សបោសសំអាត រីឯប្រជាជនដែលបានជាប់គាំងនៅក្នុងក្រុងពោធិ៍សាត់ ភាគច្រើនគឺជាប្រជាជនមកពីខេត្តព្រៃវែងខេត្តស្វាយរៀង និងខេត្តកណ្ដាលត្រូវបានកងទ័ពរណសិរ្សអនុញ្ញាតឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំ និងប្រពន្ធរបស់ខ្ញុំមានស្បែកជើងកង់ឡានចាស់ រីឯឪពុកម្តាយក្មេករបស់ខ្ញុំ បានកាត់គាវត្នោតចងធ្វើស្បែកជើងពាក់សម្រាប់ធ្វើដំដំណើរ។ យើងត្រូវធ្វើដំណើរដោយថ្មើជើងអស់រយៈពេលប្រហែលមួយខែទើបបានមកដល់ស្រុកកំណើតនៅក្នុង ខែមិថុនា ឆ្នាំ ១៩៧៩។ ខ្ញុំបានជួបជុំបងប្អូនសាច់ញាតិរបស់ខ្ញុំនៅក្នុងភូមិវិញដោយរីករាយ។ បន្ទាប់មករដ្ឋអំណាចបានបែងចែកដីឱ្យយើងធ្វើស្រែចំការសម្រាប់ចិញ្ចឹមជីវិតជារៀងរហូតមក៕

...

(ចប់ដោយបរិបូរណ៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print