ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលផែនការងារអន្តោ ប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
លទ្ធផល៖
* រកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត
* ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net
* បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង
សមត្ថកិច្ចបានសម្រេច៖
* ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់
* ឃាត់ខ្លួនបុរសជនជាតិវៀតណាម NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីជាផ្លូវការ
* ស្នើសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ ៣៩នាក់
* ផ្ទះជួលទាំង ២ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕