ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលតិកម្ម មហាហង្ស រឿង”៣០ថ្ងៃ”បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ នៅរោងកុន Legend នៃផ្សារទំនើបTK Avenue។ តួឯកគឺអ្នកនាងសុខ សោម៉ាវត្តី បានដាក់ក្តីរំពឹងខ្ពស់ទៅលើខ្សែភាពយន្ត រឿងខ្មោច និងជារឿងកំប្លែងមួយនេះថា អាចនឹងទទួលបានការគាំទ្រច្រើនបន្ទាប់ពីរឿង”អ្នកនាងម្ចាស់ឡឺកឺ” ដែលនាងសម្តែងក្នុងផលិតកម្មនេះដែរ។
ខ្សែភាពយន្តនេះត្រូវបានចូលរួមសម្តែងដោយអ្នកនាង សុខ សោម៉ាវត្តី អ្នកនាងចាន់ តារាទី លោកជា សុវណ្ណនរាហ៍ លោកBIG លោកជា សំណាង លោកអូន ឧស្សាហ៍ កញ្ញា ផាភួង លោកហេង ស៊ីមន លោកលឹម រដ្ឋា លោកដែន សក្កដា កញ្ញា រ៉េត បូរ៉ា ឬសុខ ពិសីកូពី កញ្ញាសៀវ ឡុងនី លោកលឹម ជាឡាយ លោកហម ឈរ៉ា និងតារាប្រុសស្រីយ៉ាងច្រើនកុះករ។
អ្នកនាងសុខ សោម៉ាវត្តី បានបញ្ជាក់ថា ចុងក្រោយនេះនាងបានចូលរួមសម្តែងខ្សែភាពយន្តថ្មីៗ របស់ផលិតកម្មនេះជាបន្តបន្ទាប់។ អ្នកនាងបញ្ជាក់ថា បើទោះបីជាមានការលំបាកច្រើនជាមួយនឹងការថតនៅពេលយប់ក៏តារាសម្តែង និងក្រុមការងារផលិតបានសាមគ្គីគ្នាក្នុងការសម្តេចបានស្នាដៃថ្មីមួយនេះឡើយ។ អ្នកនាងបញ្ជាក់ថា មានឈុតឆាកភ័យខ្លាច និងឈុតឆាកកំប្លែងប្លែកៗជាច្រើនដែលធ្វើឲ្យខ្សែភាពយន្តនេះក្លាយជាខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍។ នាងថា ខ្សែភាពយន្តនេះនឹងក្លាយជាចំណីអារម្មណ៍ថ្មីរបស់អ្នកទស្សនាហើយនាងរំពឹងថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
ចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានអះអាងថា លោកបានសម្រេចចិត្តជ្រើសយកថ្ងៃទី៣០ សីហា ធ្វើជាកាលបរិច្ឆេទក្នុងការកាត់ខ្សែបូដាក់បញ្ចាំងរឿង«៣០ថ្ងៃ» គឺដោយសារតែចង់ឲ្យថ្ងៃធ្វើពិធី និងចំណងជើងមានភាពស៊ីសង្វាក់គ្នា។ លោកថា មិនមែនជារឿងងាយទេដែលក្រុមការងារ និងតួសម្ដែងអាចទំនេរត្រូវគ្នាឲ្យត្រូវនឹងថ្ងៃទី៣០ សីហា ដោយសារតែផលិតកម្មមហាហង្ស និងតួសម្ដែងសំខាន់ៗនៅក្នុងរឿងនេះអាចចូលរួមបាន។ លោកថា អ្វីៗបានរៀបគម្រោងទុកអស់រយៈពេលយ៉ាងយូរទម្រាំងតែអាចលើកគ្នាមកធ្វើពិធីបើកសម្ពោធរឿង«៣០ថ្ងៃ» នៅថ្ងៃទី៣០ សីហា។
លោកថា បើកុំតែឆ្លៀតមិនបាន កុំអីតារាល្បីៗច្រើនជាងនេះទៅទៀត នឹងបានចូលរួមដើម្បីញាំងឲ្យពិធីសម្ពោធរឿងកាន់តែកងរំពង។ លោកថា រឿង«៣០ថ្ងៃ» នឹងដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី៣១ សីហា តទៅ ដោយលោករំពឹងថានឹងទទួលបានការគាំទ្រមិនខុសពីរឿងខ្លាំងៗរបស់ផលិតដទៃទៀតទេ ដោយសារតែរឿងមួយនេះគឺពោរពេញដោយឈុតឆាកកំប្លែង ភ័យរន្ធត់ និងមានឈុតឆាកច្រើនដែលទាក់ទាញមហាជន៕
ដោយ៖ វឌ្ឍនា