ខេត្តកណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ កក្កដា ២០២៥ ក្នុងករណីលួចជើងអង្រឹងដែក និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង ០០:៣៧នាទីរំលងអធ្រាត្រ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ នៅផ្ទះជនរងគ្រោះ ភូមិកណ្ដាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ឈ្មោះ ឡុង សិរីឧត្តម ភេទប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ឈ្មោះ ជាង ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា និងឈ្មោះ ខុម សុខជាភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា។ ជនសង្ស័យទាំងពីររូបមានសារធាតុញៀនវិជ្ជមាន(+)។ ជនសង្ស័យ ជាង ពិសិដ្ឋ ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន ១លើក និងធ្លាប់ជាប់ពន្ធនាគារ ២លើក ពីបទលួចម៉ូតូ និងរក្សាទុកគ្រឿងញៀន។ វត្ថុតាងចាប់យកបាន គឺជើងអង្រឹងដែក១ (ជារបស់ជនរងគ្រោះរកឃើញវិញ)។
លោកអធិការបានបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដេកលង់លក់ ពេលព្រឹកឡើងក៏បាត់ជើងអង្រឹងមុខផ្ទះ ក៏បានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់។ ក្រោយការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃទី១៦ កក្កដា ២០២៥ វេលាម៉ោង ១៣:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាលួចជើងអង្រឹងនោះពិតមែន ហើយយកទៅដូរគ្រឿងញៀនពីឈ្មោះលី ឡា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រែកតាប្រាក់ ឃុំតាលន់ បាន ១ កញ្ចប់ ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។ ក្រោយមក សមត្ថកិច្ចចុះទៅផ្ទះឈ្មោះ លី ឡា តែគេចខ្លួនបាត់ ឃើញតែជើងអង្រឹងនៅផ្ទះក៏យកមកប៉ុស្តិ៍។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី៕