សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញទំនាក់ទំនងសភាកម្ពុជានិងសាធារណរដ្ឋកូរ៉េ បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូន  លោក ផាក ជុងវូក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ 

សម្តេចបានគូសបញ្ជាក់ថាទំនាក់ទំនងរដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋមានសារៈសំខាន់ណាស់ នៅក្នុងបរិបទដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពមានហានិភ័យខ្ពស់ មានការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យានោះ។ ការងារការទូតសភា លើកកម្ពស់ការកិច្ចសន្ទនា គោលការណ៍ពហុនិយម នឹងចូលរួមចំណែកដល់ការកាត់បន្ថយការប្រឈមរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលឯកឧត្តមឯកអគ្គរដ្ឋទូតសម្រេចបាន មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ លោកនិងសហការី ពិសេស ការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី “ភាពជាដៃគូយុទ្ធសាស្ត្រ” កាល ពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ការដំឡើងកម្រិតទំនាក់ទំនងនេះពិតជាមិនមែនជារឿងចៃដន្យ ឬងាយៗនោះទេ។ ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ 

លោក ផាក ជុងវូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោក បានចូលជួបពិភាក្សាការងារនិងជម្រាបលានៅក្នុងឱកាសនេះ។ លោកបានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ជូនពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមសហការយ៉ាងល្អនិងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។

លោកឯកអគ្គរដ្ឋទូត បានយល់ស្របចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការជំរុញឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ។ លោកបានគូសបញ្ជាក់ថាកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធរាណរដ្ឋកូរ៉េ ហើយលោក គឹម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣។ លោកសង្ឃឹមថា សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋកូរ៉េ ក្នុងពេលសមស្របខាងមុខជាមិនខានឡើយ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាពនិងបានគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចសង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្តគំាទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កសិកម្មទំនើប បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់កម្ពុជាបន្ថែមទៀត។ ស្ពានឆ្លងទន្លេសាប មិត្តភាពកម្ពុជា-កូរ៉េ ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ដែលនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ នឹងផ្តល់នូវប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចសង្គមជាតិ ។

 សម្តេចប្រធានរដ្ឋសភា បានស្នើដល់សាធារណកូរ៉េ បង្កើននូវចំនួនកូតាពលរដ្ឋខ្មែរទៅធ្វើការនៅសាធារណររដ្ឋកូរ៉េ។ ការទៅបម្រើការងារនៅសាធារណកូរ៉េ មិនត្រឹមទទួលបាននូវប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ តែបានផ្តល់នូវបទពិសោធន៍ ជំនាញបច្ចេកទេសខ្ពស់ ដល់ពលករយកមកអនុវត្តនៅកម្ពុជាផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃផងដែរ។ សម្តេចបានគូសបញ្ជាក់ថា ដូចឯកឧត្តមឯកអគ្គរដ្ឋទូត បានដឹងខ្លះៗអំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះបានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ ភាគីកម្ពុជាមិនចង់សើរើបញ្ហានេះឡើយ។ កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងតែចិញ្ជឹមចិត្តចង់បាន ឈ្លានពាន ដោយបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន។ ថៃបានបដិសេធមិនប្រើប្រាស់ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ គូសដោយបារាំង-សៀម។ លើសពីនេះថៃបានពង្រីកបញ្ហាព្រំដែនទៅជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បិទច្រកព្រំដែនជាឯកតោភាគី ប៉ះពាល់ដល់ទំនាក់ទំនងនិងជីវភាពប្រជាពលរដ្ឋទំាងសងខាង។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បើកច្រកព្រំដែន ដែលខ្លួនបានបិទឡើងវិញដើម្បីឱ្យស្ថានភាពវិលទៅដូចដើមវិញ។

បន្ទាប់ពីស្តាប់ដោយការយកចិត្តទុកដាក់ លោក ផាក ជុងវូក បានលើកឡើងថា លោកមានសុទិដ្ឋនិយមថា ជម្លោះព្រំដែនកម្ពុជានិងថៃ នឹងត្រូវដោះស្រាយបានតាមសន្តិវិធី។ លោកបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានរៀបចំ មហាសន្និបាតគណបក្សនយោបាយអាស៊ី ហៅកាត់ថា ICAPPនិង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព ហៅកាត់ថា IPTP11 ប្រកបដោយអត្ថន័យ បង្ហាញពីការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការលើកកម្ពស់សន្តិភាព ជូនមនុស្សជាតិនិងភពផែនដី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print