ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រី៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយថ្នាំញៀន។
ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះជួលមួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននេះ ទី១-ឈ្មោះ ចេវ ភ័ត្រាខេមរា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង (ចែកចាយ) ទី២-ឈ្មោះ អាត សុខលៀង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ទី៣-ឈ្មោះ ធឿន ចាន់ឌី ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ទី៤-ឈ្មោះសឿន ស្រីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ទី៥-ភៀញ សុគា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងទី៦-ឈ្មោះ រិន ណារ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺបន្ទាប់ពីបានធ្វើការស្រាវជ្រាវ និងដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់ព័ត៌មានស្តីពីធ្វើសកម្មភាពរបស់ក្រុមជនសង្ស័យ ហើយសមត្ថកិច្ចបានដាក់កម្លាំងពួនចាំស្ទាក់នូវសកម្មភាពរបស់ជនសង្ស័យនិងបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង និងបានរកឃើញនូវវត្ថុតាងមួយចំនួនមានថ្នាំញៀន១កញ្ចប់តូច និងម៉ូតូឆាលី១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមនេះគឺប្រើប្រាស់ផងនិងចែកចាយបន្តផង ដែលបានធ្វើសកម្មភាពជាញឹកញាប់ ហើយពេលនេះសមត្ថកិច្ចកំពុងតែសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា