ខេត្តព្រះសីហនុ៖ បើតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅឆមាសទី ១នៅឆ្នាំ ២០២៥ នេះសម្រាប់ខេត្តព្រះសីហនុករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥ករណីធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន៦២នាក់។នេះបេីតាមលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុបាន លើកឡើងដូចនេះក្នុងនាមថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកវរសេនីយ៍ឯក នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលតោពីរ។
ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការគោរពច្បាប់ចរាចរណ៍ព្រោះគ្រោះ ថ្នាក់ចរាចរណ៍ ផ្តើមពីយើងទាំងអស់គ្នា។
នាឱកាសនោះលោកវរសេនីយ៍ឯក នី ចាន់ណារ៉ា ក៏បានអប់រំផ្សព្វផ្សាយបន្ថែម តម្រង់ទិសដល់អ្នកបើកបរយាន យន្តគ្រប់ប្រភេទ ឲ្យគោរពច្បាប់ចរាចរណ៍ជាចាំបាច់ ដើម្បីការពារបង្ការពីគ្រោះថ្នាក់ លើដងផ្លូវ ដោយសារបច្ចុប្បន្នមានជនរងគ្រោះ ស្លាប់ និងរបួស ដោយគ្រោះ ថ្នាក់ចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។
ចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង៨៥ករណីបណ្ដាល មកពី ករណីល្បឿនមានចំនួន៣៦ មានចំនួន ១១ ករណីការបត់ត្រង់ផ្លូវប្រសប់មិនប្រយ័ត្នមានចំនួន ១១ និងករណីការបើកបរក្នុងស្ថានភាពស្រវឹងមានចំនួន ៧ ករណី។ ដូចនេះដោយមានការណែនាំពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តម សេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ ជំរុញឲ្យផែនការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តែងតែចុះអនុវត្តច្បាប់ចរាចរណ៍និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ញឹកញាប់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលជាឃាតករលាក់មុខដ៏សាហាវ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ។
លោក មីន កុម្ភៈ អំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការគោរពច្បាប់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍ ផ្តើមពីយើងទាំងអស់គ្នានិងការបើកបរដោយការយោគយល់និងអនុគ្រោះប្រុងប្រយ័ត្ន គ្រប់ពេលវេលា ។ ចំពោះការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពមានស្លាកលេខ មានកញ្ចក់ បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ កុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរកុំប្រើប្រាស់គ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន គោរពស្លាកសញ្ញាចរាចរណ៍ ទាំងអស់នេះគឺជាការចូលរួមគោរពច្បាប់ចរាចរណ៍ដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវតែអនុវត្តជាចាំបាច់ព្រោះអ្វីៗផ្ដើមចេញពីយើងទាំងអស់គ្នាទើបទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕