ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា។
ការទទួលបានមេដាយមាសសិស្សឆ្នើមនេះ ធ្វើឡើងក្នុងពិធីចែកមេដាយ ប្រកាសនិយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ។
ពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមាន លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួម ពីលោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា និងមាតា-បិតាអាណាព្យាបាលសិស្សជាច្រើនរូប នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ដែលជាកូនប្រុសពៅ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាស នាពេលនេះ គឺជាមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ។
សូមជម្រាបផងដែរថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ច័ន្ទមុន្នី ជាញឹកញាប់តែងតែ បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា។
ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា បានឲ្យដឹងទៀតថា ការទទួលបាន មេដាយមាសសិស្សឆ្នើមនេះ ដោយសារកុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ទទួលបានមេដាយមាស ៣ឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០២៣, ២០២៤ និង២០២៥ ដោយបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១,៤៦១នាក់ មកពី៣៦ប្រទេស៕
ដោយ ៖ សិលា