ភ្នំពេញ ៖ អ្នកវិភាគសង្គម បណ្ឌិត កៅ មុយថង ចាត់ទុកការប្រកៀស្មាគ្នា រវាងកម្ពុជានិងចិន ដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន គឺជាការគិតគូរពីផលប្រយោជន៍ជាក់ស្តែង របស់ប្រជាពលរដ្ឋ ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម Wang Yi ក្នុងពេលទទួលជួបរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអនុម័តវិធានការដ៏រឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការលេងល្បែងអនឡាញ ការក្លែងបន្លំទូរគមនាគមន៍ ការផលិតក្លែងក្លាយ និងការរត់ពន្ធ លុបបំបាត់ការគំរាមកំហែង យ៉ាងហ្មត់ចត់ ដើម្បីការពារសុវត្ថិភាព របស់ប្រជាជន នៃប្រទេសទាំងពីរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN។
ជុំវិញរឿងនេះ ត្រូវបាន លោកបណ្ឌិត កៅ មុយថង ចាត់ទុកថាជា ការផ្តោតលើសន្តិសុខ និងផលប្រយោជន៍រួមរបស់ប្រជាជន។ លោកថា ការលើកឡើងអំពីវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការលេងល្បែងអនឡាញ ការក្លែងបន្លំទូរគមនាគមន៍ ការផលិតផលិតផលក្លែងក្លាយ និងការរត់ពន្ធ ជាដើម គឺបង្ហាញពីការយកចិត្តទុកដាក់របស់ចិន ចំពោះសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព របស់ប្រជាជន នៃប្រទេសទាំងពីរ។
«ការណ៍នេះក៏បង្ហាញដែរថា ទំនាក់ទំនងនៃប្រទេសយើងទាំង២ គឺមិនមែនត្រឹមតែរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមបញ្ចូលកិច្ចសហប្រតិបត្តិការ ដើម្បីគិតគូរពីផលប្រយោជន៍ជាក់ស្តែង របស់ប្រជាពលរដ្ឋយើង ថែមទៀត។ ការណ៍នេះ ជាការជួយ កសាងទំនុកចិត្តជាសាធារណៈ និងបង្ហាញពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវ»។
លោកបណ្ឌិតថា ការណ៍នេះ ក៏ការឆ្លើយតបទៅនឹងការព្រួយបារម្ភក្នុងស្រុក និងអន្តរជាតិ ផងដែរ។ ការដែលចិនបញ្ជាក់ពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន អាចជាការឆ្លើយតបទៅនឹងការព្រួយបារម្ភមួយចំនួនរបស់សាធារណជន នៅកម្ពុជា និងសហគមន៍អន្តរជាតិ។ ការប្តេជ្ញាចិត្តនេះជាការបង្ហាញពីឆន្ទៈដ៏ពិតប្រាកដរបស់ចិនដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ ដើម្បីរក្សាស្ថិរភាពសង្គម និងនីតិរដ្ឋនៅកម្ពុជា៕
ប្រភព ៖ «CCFR China state-controlled media »