សារព័ត៌មាន Reuters បានផ្សាយថា ទីក្រុងសេអ៊ូលពិចារណាអនុញ្ញាតឱ្យមានដំណើរកម្សាន្តលក្ខណៈបុគ្គលទៅកាន់កូរ៉េខាងជើង ក្រសួងបង្រួបបង្រួមកូរ៉េបានឱ្យដឹងនៅថ្ងៃចន្ទ ទី២១ ខែកក្កដាថា កូរ៉េខាងត្បូងកំពុងសិក្សាផែនការផ្សេងៗ ដើម្បីកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង។
លោក Koo Byung-sam អ្នកនាំពាក្យក្រសួងដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េនៃប្រទេសកូរ៉េខាងត្បូង បានបដិសេធធ្វើអត្ថាធិប្បាយលើចំណុចពិសេសនៃផែនការ ប៉ុន្តែនិយាយថា លោកយល់ឃេីញថា ដំណើរកម្សាន្តជាលក្ខណៈបុគ្គល មិនបំពានលើទណ្ឌកម្មអន្តរជាតិទេ។
វិស័យទេសចរណ៍គឺជាប្រភពសាច់ប្រាក់តូចមួយសម្រាប់កូរ៉េខាងជើង ដែលមិនត្រូវបានកំណត់គោលដៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន។
ក្រោយឡេីងកាន់តំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសន្យាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹងជាមួយទីក្រុងព្យុងយ៉ាង ដែលបានឈានដល់កម្រិតដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកប្រធានាធិបតីនិយាយថា លោកនឹងពិភាក្សាអំពីផែនការបន្ថែមទៀតជាមួយមន្ត្រីសន្តិសុខកំពូលៗ ដើម្បីបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង តាមលក្ខណៈបច្ចេកទេស៕ ដោយធីរីណា
រូបថត: TTXVN