ភ្នំពេញ ៖ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ មានតួនាទីធ្វើជាសេនាធិការ រៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងសកម្មភាពការងារចុះបញ្ជីគ្រប់គ្រងអាវុធជាតិផ្ទុះ។ នេះបើ យោងតាមមាត្រា៣០ នៃអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។
ឈរលើតួនាទីនេះ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះមានភារកិច្ច ដឹកនាំប្រមូលទិន្នន័យ ស្ថិតិអាវុធជាតិផ្ទុះ និងផ្តើមស្នើគោលការណ៍ វិធានការគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះបញ្ជីគ្រប់គ្រង និងរៀបចំបែបបទផ្តល់លិខិតអនុញ្ញាតប្រើប្រាស់អាវុធណែនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ និងជំនាញគ្រប់គ្រងអាវុធជាតិផ្ទុះ។ ណែនាំការងារស្រាវជ្រាវ ដើម្បីរកអាវុធជាតិផ្ទុះគ្រប់ប្រភេទដែលប្រើប្រាស់ ដឹកជញ្ជូន និងផ្ទេរ ទិញ លក់ខុសច្បាប់។
ទន្ទឹមនេះ នាយកដ្ឋានក៏មានភារកិច្ច ចុះបញ្ជីគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ផលិតកម្មដែលប្រើប្រាស់ជាតិផ្ទុះ គ្រប់គ្រងការនាំចូលសារធាតុងាយឆេះ ងាយផ្ទុះឆេះ និងអាស៊ីតខ្លាំង ការស្តុកទុក ការចែកចាយ ការដឹកជញ្ជូន និងការប្រើប្រាស់ ត្រួតពិនិត្យ និងណែនាំបច្ចេកទេសដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ផលិតកម្មដែលប្រើប្រាស់សារធាតុ ងាយឆេះ ងាយផ្ទុះឆេះ គ្រប់គ្រងការប្រកបមុខរបរងាយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការងារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ថ្លែងឱ្យដឹងថា អនុវត្តតាមការណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំបញ្ជាពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក បានយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចយ៉ាងគត់មត់បំផុត ដ្បិតការងារស្នូលរបស់នាយកដ្ឋានបានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ឈរលើតួនាទីស្នូលនេះ លោកឧត្តមសេនីយ៍ទោ បានអះអាងថា នាយកដ្ឋាន តែងបានចុះត្រួតពិនិត្យតាមបណ្តារាជធានី ខេត្ត ដើម្បីពង្រឹងការប្រើប្រាស់អាវុធជាតិផ្ទុះ ផ្សព្វផ្សាយអំពីច្បាប់ និងគោលការណ៍នៃការប្រើប្រាស់អាវុធជាតិផ្ទុះ ទាំងក្នុងជួរកងកម្លាំង និងក្នុងចំណោមពលរដ្ឋ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងរំសេវ ដូចជាកែច្នៃ និងលក់កាំជ្រួចជាដើម។ ជាមួយគ្នានេះ នាយកដ្ឋាន ក៏បានចាត់គ្រូបង្គោលចុះបង្រៀននៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី-ខេត្តផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ នាយកដ្ឋានក៏បាននិងកំពុងបន្តអនុវត្តអនុសារណៈជាមួយមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីទទួលព័ត៌មាន និងទទួលវគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាពិសេសការទទួលព័ត៌មានពីអាវុធជាតិផ្ទុះ ឬគ្រាប់រំសេវ និងសំណល់គ្រឿងផ្ទុះ ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ ក្នុងនោះនាយកដ្ឋានបានសហការកម្ទេចអាវុធជាតិផ្ទុះមួយចំនួនតាមលក្ខណបច្ចេកទេស។ ក្រៅពីនេះនាយកដ្ឋានបានពង្រឹងទាំងការងារបច្ចេកទេស និងការងាររដ្ឋបាល ទាំងជំនាញរឹង និងទន់ ជាពិសេសការអនុញ្ញាតចេញបណ្ណប្រើប្រាស់អាវុធដល់កងកម្លាំង មន្ត្រីមុខងារសាធារណៈ ដែលមានសិទ្ធប្រើអាវុធ។
សូមបញ្ជាក់ថា នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ មានការិយាល័យចំណុះ ៦រួមមាន ១.ការិយាល័យរដ្ឋបាលសរុប ២.ការិយាល័យគ្រប់គ្រងអាវុធ ៣.ការិយាល័យគ្រប់គ្រងគ្រឿងផ្ទុះ ៤.ការិយាល័យនីតិវិធី ៥.ការិយាល័យគ្រប់គ្រងមុខរបរងាយប៉ះពាល់ដល់សន្តិសុខសង្គម ៦.ការិយាល័យគ្រប់គ្រងឃ្លាំងអាវុធ គ្រឿងផ្ទុះ។ បច្ចុប្បន្ន នាយកដ្ឋានក៏បានពង្រឹង និងអនុវត្តដោយការប្រុងប្រយ័ត្ន និងបានរៀបចំជួសជុលអគារមួយខ្នងនៅឃ្លាំងព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីបម្រើការងារ ក្នុងការគ្រប់គ្រងឃ្លាំងអាវុធផងដែរ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ