ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានសំណេរថា ៖ លោកថាក់ស៊ីន ជាប់ពិរុទ្ធបាត់បង់សិទ្ធិធ្វើនយោបាយ និងកំពុងប្រឈមនឹងការផ្ដន្ទាទោស នៃបទល្មើសព្រហ្មទណ្ឌជាបន្តបន្ទាប់ ខំប្រឹងចេញមុខ ពាំងរដ្ឋាភិបាលដឹកនាំដោយបក្សខ្លួន ថានឹងប្ដឹងទៅអង្គការសហប្រជាតិ UN ករណីពលទាហានជាន់ផ្ទុះមីននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បណ្ដាលឱ្យដាច់ជើង-របួសធ្ងន់ស្រាល៣នាក់ បើសិនរកឃើញការពិតថាជាគ្រាប់មីនទើបដាក់ថ្មី។ តើនេះជាសញ្ញាណចង់ទៅកាន់សមត្ថកិច្ចតុលាការ ICJ តែខ្លួនមិនទាន់ហាននិយាយត្រង់ឬយ៉ាងម៉េច? តែទោះយ៉ាងណា ការចេញមុខរបស់លោកថាក់ស៊ីននេះ ជាការរំលោភអំណាចនយោបាយដែលខ្លួនថ្លោះសិទ្ធិ និងជាការមិនទុកចិត្តនាយករដ្ឋមន្ត្រីស្ដីទីមកពីគណបក្សខ្លួន។ ជាពិសេស ជាការផ្ញើសារ បែបបញ្ជាអំណាចយោធា ដែលគេដឹងថា ស្ថិតក្រោយដែនសមត្ថកិច្ចរបស់រាជបល្ល័ង្គ ក្នុងគោលដៅបុងនយោបាយ ដែលគេឃើញកូនស្រីខ្លួនជានាយករដ្ឋមន្ត្រីព្យួរតំណែង ធ្វើជាទៅសួរសុខទុក្ខ បន្ទរតាមក្រោយផែនការឳពុកខ្លួន។ ចំណែក ខាងយោធាវិញ ក៏មិនអនុញ្ញាតឱ្យក្រុមលោកថាក់ស៊ីនទាញយកចំណេញនយោបាយ ពីពលទាហានក្រោមបង្គាប់ខ្លួនរងកម្មនេះដែរ។ មេយោធាភូមិភាគ២ថៃ ក៏បញ្ចេញប្រតិកម្មលើកម្ពុជាទាញប្រជាប្រិយភាពពីប្រជាជនខ្លួន កុំឱ្យស្រុតចុះផងដែរ បើទោះដឹងថា ពលទាហានខ្លួនខុសទាំងស្រុង ក៏ត្រូវមួលថាត្រូវដែរ។ ជាក់ស្ដែង តាមការចុះផ្សាយសារព័ត៌មាន komchadluek និង Khaosod ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សម្រួលចេញផ្សាយបន្តដោយសារព័ត៌មានត្រយងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៊ុនស៊ីន ផាតក្លាង និយាយទាំងទឹកមុខធ្វើជាមានជំនឿចិត្តប្រាប់អ្នកកាសែតខ្លួនថា ខ្លួនកំពុងដំណើរការរៀបចំរបាយការណ៍ដាក់ជូនទៅមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ព ដើម្បី«ណែនាំទៅរដ្ឋាភិបាលថៃ» តាមរយៈក្រសួងការបរទេសដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិដោយផ្នែក«យោធាគឺមិនរង់ចាំបញ្ជាណាមួយពីរដ្ឋាភិបាលថៃឡើយ»។ តើនេះជាសញ្ញាណចង់ទៅកាន់សមត្ថកិច្ចតុលាការ ICJ ដូចលោកថាក់ស៊ីនដែរ តែខ្លួនមិនហាននិយាយចំហខ្លាចខ្មាសគេឬយ៉ាងម៉េច? ឬមួយយោធាប្រើកលវិធីនេះ ធ្វើជារុករករាវមីន ធ្វើសកម្មភាពឈូសឆាយ ធ្វើតម្រាយផ្លូវថ្មី តាមផែនការឈ្លានពាន?
លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លើកឡើងថា ៖ ជារួមបើមិនឆ្លើយតបទៅនឹងសំណួរទាំងពីរខាងលើទេ សាររបស់យោធាខាងលើ ជាការវាយសង្គ្រប់ទៅលើលោកថាក់ស៊ីន និងបក្សនយោបាយខ្លួន កុំមកចង់បញ្ជាយោធា កេងចំណេញនយោបាយ ស្ដារមុខមាត់របស់ខ្លួនជាដើម។ យោធា ក៏ចង់ក្រើនរំលឹកដែរថា គេចេះចាត់ចែង និងមានសិទ្ធិអំណាចក្រោមឆ័ត្ររាជវង្សហើយ។ ទន្ទឹមនេះ ក៏ជាសារប្រាប់ទៅអ្នកគាំទ្រយោធា ឱ្យហ្នឹងហ្នរស្ងប់ចិត្តថា យោធាមិនងាករេទៅធ្វើតាមខ្សែញាក់របស់លោកថាក់ស៊ីន និងបក្សភឿថៃនោះទេ។ កាន់តែក្ដៅជាងនេះ យោធា ក៏ចង់ប្រាប់ក្រុមថាក់ស៊ីនថា យោធានឹងចាត់ការប្ដឹងដោយគ្មានរដ្ឋាភិបាលដឹកនាំដោយភឿថៃ គឺដឹកនាំដោយយោធាតែម្ដង។ នេះជាការកត់សម្គាល់មួយអំពីការប្រជែងគ្នានៃប៉ូលទាំងពីរនេះ។ ប៉ុន្តែនៅថៃ មិនមែនមានតែប៉ូលពីរនេះទេ។ នៅប៉ូលច្រើនទៀត កំពុងស្ថិតក្នុងល្បែងនេះដែរ និងខ្លះអង្គុយផឹកតែលើភ្នំមើលខ្លា មើលចចក ខាំគ្នា រង់ចាំឱកាសល្អ។
លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ថា ៖ ជាការកត់សម្គាល់មួយទៀតដែរ ក្រុមថាក់ស៊ីន ក៏កំពុងប្រើប្រាស់យោធា តាមយុទ្ធវិធីរុញទូកបណ្ដោយទឹក រួចដកចង្កូតចោល ដោយធ្វើជាគាំទ្រលើកទឹកចិត្តសកម្មចូលឈ្លានពាន ចូលមកបង្កបញ្ហាជាមួយយោធាកម្ពុជាជារឿយៗ និងភ្ញៀវទេសចរណ៍កម្ពុជា ដើម្បីទម្លាក់បន្ទុកលើយោធាថៃសង្កត់ករយកចុងក្រោយតែម្ដង។ ចំណែកយោធាវិញ ព្យាយាមរុញទាហានថ្មីៗរបស់ខ្លួនឱ្យដើរល្បាតចូលចំណុចហាមឃាត់ និងដែនអធិបតេយ្យកម្ពុជា បង្ករឿងបង្កើនកំហឹងចង់ឱ្យយោធាកម្ពុជាផ្ទុះអាវុធមុនធ្វើជាលេស បម្រើផែនការរបស់ខ្លួន។ ច្បាស់ណាស់ថាកាលៈទេសៈនេះ យោធាគ្មានជម្រើស ព្រោះចៀសពីធ្វើទាំងសុខច្បាប់មិនបាន ដើម្បីរក្សាឥទ្ធិពល និងអាចធ្វើលើសពីនេះ បើទោះជាជីវិតពលទាហានខ្លួន ក៏ត្រូវចាយដែរ។ មិនមែនយោធា មិនដឹងត្រង់ណាដីខ្លួន ត្រង់ណាដីកម្ពុជា តម្រាយផ្លូវចាស់ តម្រាយថ្មី គ្មានមីន អត់មីននោះទេ តែដល់ដំណាក់កាលប្រើ «យុទ្ធសាស្ត្រចាយជីវិតពលទាហាន» មិនប្រើមិនបាន។ ដូច្នេះ ជីវិតពលទាហាន មានតែពឹងលើព្រហ្មលិខិតដែលកំណត់ដោយយោធារៀបចំហើយ។ ជារួម លុយបាត លុយដុល្លារ ក្រដាស១០ ក្រដាស២០ នឹងចាយដូចគ្នា គ្រាន់តែបណ្ដាក់វេនគ្នាចាយ គឺណាចាយមុន ណាចាយក្រោយប៉ុណ្ណោះ។ ដល់ចំណុចនេះ ជូនពលទាហានថៃដែលមេៗបញ្ជាល្បាត បញ្ជារុល ខុសតម្រាយផ្លូវចាស់ ខុសពីការឯកភាពគ្នា ចូលដែនដីកម្ពុជា និងពន្យុះឱ្យពើងទ្រូងដាក់យោធាកម្ពុជា និងគ្រួសារពលទាហានថៃទាំងអស់ពិចារណាចុះ។
លោកបណ្ឌិត ទូច សុខៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បន្ថែមថា ៖ ជារួម ដោយសារតែអំណាចនយោបាយ កម្ពុជាក្លាយជាជនរងគ្រោះពីព្យុះនយោបាយផ្ទៃក្នុងរបស់ថៃ ជាពិសេស ប៉ូលលោកថាក់ស៊ីន ដែលកំពុងត្រដរខ្យល់ និងយោធាដើម្បីគ្របលើរដ្ឋាភិបាល ចាយគ្រប់ក្រដាសប្រាក់ ដូចជា ចាយពាណិជ្ជកម្ម សេដ្ឋកិច្ច ជីវភាពប្រជាជនអាជីវករ អ្នកវិនិយោគ ជីវិតពលទាហាន និងចាយកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិគ្មានស្ដាយស្រណោះនាំឱ្យអាសោចន៍កេរ្តិ៍។
សរុបមកវិញ តាំងពីថ្ងៃឈ្លានពាន បើកការវាយប្រហារលើយោធាកម្ពុជាបណ្ដាលឱ្យពលីម្នាក់ មកដល់ពេលនេះ យោធាថៃ រដ្ឋាភិបាលថៃ នៅមិនទាន់មានរបាយការណ៍បំភ្លឺមកកម្ពុជានៅឡើយផង។ តែផ្ទុយទៅវិញ ពលទាហានខ្លួន រុលល្បាតខុសតម្រាតាមបញ្ជារបស់ខ្លួន បែរសង្ខើយប្ដឹង សង្ខើញមួលបង្កាច់ បំភាន់ និងបន្លំធ្វើសកម្មភាពឈូសឆាយតាមព្រំដែន តំបន់មិនទាន់ជ្រះស្រឡះ និងតំបន់មួយចំនួនជាដែនដីកម្ពុជាទៅវិញ។ បើសង្ខើញរកយន្តការច្បាប់ តាមថ្នាល់អង្គការសហប្រជាជាតិ ពិសេសតុលាការយុត្តិធម៌អន្តរជាតិ ICJ កាន់តែល្អ។ ខ្លាចតែធ្វើជាសង្ខើញ ដើម្បីសម្លាប់ដៃគូនយោបាយផ្ទៃក្នុងខ្លួន ឬវាតទីឈ្លានពានទឹកដីកម្ពុជាទេ។ តែបើវាតទីទឹកដីកម្ពុជា កុំគិតងាយៗពេក វាដល់ពេលដែលកម្ពុជាប្រើទាំង«សិទ្ធិការពារខ្លួន និងវាយបក»។ ជាងនេះ កាន់តែជាបន្ទុកផ្លូវច្បាប់ដែលជាប្រយោជន៍ដល់កម្ពុជាដែលបានដាក់បណ្ដឹងទៅ ICJ រួចហើយ៕
ដោយ ៖ លោកបណ្ឌិត ទូច សុខៈ(សុឃៈ)