យន្តហោះចម្បាំងបង់ក្លាដែសធ្លាក់លើបរិវេណសាលារៀនស្លាប់២០នាក់

ចែករំលែក៖

យន្តហោះចម្បាំងរបស់កងទ័ពអាកាសបង់ក្លាដែសមួយគ្រឿងបានធ្លាក់ចូលទៅក្នុងបរិវេណសាលានៅភាគខាងជើងទីក្រុងដាកា ដោយបានសម្លាប់មនុស្សយ៉ាងតិច២០នាក់។

យោធាបង់ក្លាដែសបាននិយាយថា យន្តហោះចម្បាំង F-7 BGI បានចេញដំណើរបេសកកម្មហ្វឹកហាត់នៅម៉ោង 1 រសៀលថ្ងៃទី២១ ខែកក្កដានេះ ហើយបានធ្លាក់ភ្លាមៗបន្ទាប់ពីចូលទៅក្នុងបរិវេណសាលា Milestone ក្នុងតំបន់ Uttara នៃទីក្រុង Dhaka ដោយបានឆាបឆេះយ៉ាងខ្លាំង។
អ្នកបើកយន្តហោះ និងមនុស្សយ៉ាងតិច 19 នាក់ផ្សេងទៀតនៅសាលាត្រូវបានសម្លាប់ ហើយមនុស្សជាង 170 នាក់បានរងរបួសដោយសារការរលាកភ្លើង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ជនរងគ្រោះភាគច្រើនជាសិស្ស។
ពេលនោះឪពុកម្តាយនិងអ្នកស្រុកបានប្រញាប់ប្រញាល់ទៅសាលារៀនទាំងភ័យស្លន់ស្លោ ដោយប្រើគ្រប់មធ្យោបាយដើម្បីនាំជនរងគ្រោះទៅមន្ទីរពេទ្យ។
សិស្ស Rafiqa Taha នៅសាលា Milestone បាននិយាយថា សាលាមានសិស្សប្រហែល 2,000 នាក់ ដែលមានថ្នាក់ចាប់ពីបឋមសិក្សាដល់ថ្នាក់ទី 12។ Taha បាននិយាយថា សិស្សជាច្រើននាក់កំពុងនៅក្នុងថ្នាក់ ឬកំពុងប្រឡងនៅពេលយន្តហោះធ្លាក់។
សិស្សអាយុ 16 ឆ្នាំដែលមិនបានចូលថ្នាក់ថ្ងៃនេះបាននិយាយថា “ខ្ញុំភ័យខ្លាចខ្លាំងណាស់នៅពេលដែលខ្ញុំបានឃើញព័ត៌មាននៅលើទូរទស្សន៍ អូព្រះអើយ! នោះជាសាលារបស់ខ្ញុំ” ។
មេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ។ លោកបានហៅវាថាជាការបាត់បង់ដែលមិនអាចទទួលយកបានសម្រាប់កងទ័ពអាកាស ព្រមទាំងសិស្ស ឪពុកម្តាយ គ្រូ និងបុគ្គលិកនៃសាលា Milestone។
លោក Yunus បាននិយាយថា៖ «នេះជាគ្រាដ៏សោកសៅដ៏ខ្លាំងសម្រាប់ប្រទេសនេះ។
កងទ័ពអាកាសបង់ក្លាដែសបានបើកការស៊ើបអង្កេតលើមូលហេតុដែលយន្តហោះចម្បាំង F-7 ធ្លាក់ចូលទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ F-7 BGI គឺជាប្រភេទយន្តហោះចម្បាំង F-7 ទំនើបបំផុតដែលផលិតដោយសាជីវកម្មយន្តហោះ Chengdu របស់ប្រទេសចិន ដើម្បីបំពេញតម្រូវការរបស់កងទ័ពអាកាសបង់ក្លាដែសសម្រាប់យន្តហោះចម្បាំងពហុមុខងារដែលមានតម្លៃទាប។ ប្រទេសបង់ក្លាដែសបានទិញយន្តហោះ F-7 BGI ចំនួន 16 គ្រឿងនៅចន្លោះឆ្នាំ 2011 និង 2013 ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន៕ ដោយធីរីណា

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print