ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានទទួលជួបលោក YOSHIHISA Kainuma និងសហការី ជាថ្មីម្តងទៀត នៅក្នុងរយៈពេលនៃការទំនាក់ទំនងគ្នាអស់រយៈពេលជាង១០ឆ្នាំមកនេះ។ សម្តេចបានសង្កេតឃើញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះក្រុមហ៊ុន ដែលបានធ្វើការពង្រីកខ្លួន ជាបន្តបន្ទាប់នៅកម្ពុជា។
នាឱកាសជំនួបនេះ លោក YOSHIHISA Kainuma បានគោរពថ្លែងអំណរគុណ និងជាកិត្តិយសដែលបានចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ សាជាថ្មី។ លោក YOSHIHISA Kainuma បានសម្តែងនូវការអបអរសាទរចំពោះសុខភាពដ៏មាំមួនរបស់សម្តេច និងគោរពថ្លែងអំណរគុណសម្តេច ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ទទួលជោគជ័យក្នុងរយៈពេលជាង១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី។
ជាមួយនឹងការរីកចម្រើននេះ លោក YOSHIHISA Kainuma បានជម្រាបជូនសម្តេចអំពីគម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ ជាមួយគ្នានេះ លោក YOSHIHISA Kainuma បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានរំលឹកអំពីប្រវត្តិនៃការចូលមកឈរជើងនៅកម្ពុជារបស់ក្រុមហ៊ុននេះជាលើកដំបូង ដែលនាពេលនោះមានក្រុមហ៊ុនផ្សេងៗ ចូលមកប្រកួតប្រជែងជាមួយ។ សម្តេចបានគូសបញ្ជាក់ពីគោលការណ៍នៃការស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនណាមកមុន នឹងទទួលបានការស្វាគមន៍មុន មិនថាជាក្រុមហ៊ុនតូច ឬធំនោះទេ។ សម្តេចបានលើកឡើងដោយចង្អុលបង្ហាញថា នៅកម្ពុជា កម្រឃើញមានការទាត់ចោល ឬលុបចោលក្រុមហ៊ុនដែលបានចូលមកដំណើរការនៅកម្ពុជា មិនថាតូចឬធំនោះទេ។ គោលការណ៍នេះបានបង្កទំនុកចិត្តដល់វិនិយោគិននានាចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។
នៅក្នុងបរិបទនេះ សម្តេចបានសម្តែងនូវក្តីរីករាយដែលបានឃើញផលិតផលរបស់ក្រុមហ៊ុន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ “ផលិតនៅកម្ពុជា” (Made in Cambodia)។ សម្តេចបានលើកឡើងថា ការពង្រីករោងចក្រនៅខេត្តពោធិ៍សាត់ គឺជាទិសដៅល្អ ដោយហេតុថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គីសនីគ្រប់គ្រាន់។
បន្ថែមពីលើនេះ សម្តេចបានជម្រាបជូនអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចបានលើកឡើងអំពីការអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ។ នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចបានលើកឡើងដោយក្តីសង្ឃឹមថា វាគួរមានដំណោះស្រាយអន្តរកាលមួយចំពោះតែក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ទៅមករបស់ក្រុមហ៊ុននៅក្នុងការវិនិយោគរបស់ខ្លួន។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោក YOSHIHISA Kainuma ទទួលបានជោគជ័យបន្ថែមទៀតក្នុងការដឹកនាំក្រុមហ៊ុន៕