សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ និងលោកស្រី​ បណ្ឌិត​ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញសម្ពោធមជ្ឈ​មណ្ឌល​ផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី​ បណ្ឌិត​ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។​ មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌល​នេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។

មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារ​ប្រឆាំង​ឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់​ប្រទេស​​កម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែល​ព្យាយាមធ្វើបាប​កុមារ។
មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេស​កម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវ​ការ​យកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។

មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវា​កម្មដែល​មាន​កំរិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែ​ទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរ​ពី​ដៃ​គូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជា​អន្តរ​ជាតិ។​ សេវាកម្មទាំងអស់របស់អង្គភាពការពារកុមារ រាប់ពីការស៊ើបអង្កេត ការបណ្តុះ​បណ្តាល ការធ្វើកោសល្យវិច័យ និងជំនួយដល់ជនរងគ្រោះ នឹងស្ថិតនៅក្រោម​ដំបូល​តែមួយ។

មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់ជូន៖ ការព្យាបាលរបួសបឋម, ការពិនិត្យកោសល្យវិច័យ,មន្ទីរពិសោធន៍កោសល្យវិច័យដំបូងគេរបស់កម្ពុជា, បន្ទប់ពិសេសសម្រាប់សម្ភាសន៍,អ្នកប្រឹក្សាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងជំនួយផ្នែកផ្លូវចិត្ត, ការ​ផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ​របស់ពួក​គេ, ក្រុមការងារពេញម៉ោងសំរាប់ផ្តល់ការថែទាំបន្ទាប់, ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង។

មជ្ឈមណ្ឌលនេះ ជាទីកន្លែងពិសេសសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលលើការ​ស៊ើប​អង្កេត​ផ្នែកកោសល្យវិច័យដល់នគរបាលថ្នាក់តំបន់និងថ្នាក់ជាតិ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត។

...

មជ្ឈមណ្ឌលផ្កាឈូក ក៏ផ្តល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេស និងបង្រៀន​ដោយ​គ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រអន្តរជាតិមកពីជុំវិញពិភពលោក ដើម្បី​កសាង​សមត្ថភាព និងបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចមិនត្រឹមតែពាក់ព័ន្ធ នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង នឹងកុមារប៉ុណ្ណោះទេ ថែមទាំងសម្រាប់​អ្នកដែល​ឆ្លើយ​តបដំបូង អ្នកថែទាំ និងអ្នកព្យាបាល កុមាររងគ្រោះដោយឧក្រិដ្ឋកម្មផងដែរ។
មជ្ឈមណ្ឌលផ្កាឈូក នឹងធានាថា អ្នកដែលបំពានលើកុមារ នឹងត្រូវទទួល​ទោស​ចំពោះ​មុខច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print