ឆេះម៉ាស៊ីនយន្តហោះដឹកអ្នកដំណើរ២៣៥នាក់ ពេលហោះឡើងភ្លាម អ្នកដំណើរភ័យស្លន់ស្លោ

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ កាលពីពេលថ្មីៗនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានជួបប្រទះនឹងបញ្ហាបច្ចេកទេសធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles (LAX) ទៅកាន់ទីក្រុង Atlanta រដ្ឋ Georgia ។

យោងតាមទស្សនាវដ្ដី PEOPLE ឧបទ្ទវហេតុនេះបានកើតឡើងនៅលើជើងហោះហើរលេខ DL446 កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា។ សាក្សីបាននិយាយថា គ្រាន់តែប៉ុន្មាននាទីបន្ទាប់ពីយន្តហោះ Boeing 767-400 បានហោះចេញពីផ្លូវរត់ ម៉ាស៊ីនខាងឆ្វេងស្រាប់តែឆេះ។
ពេលឃើញហេតុការណ៍ភ្លាម ក្រុមអាកាសយានិកបានសម្រេចចិត្តបង្វែរយន្តហោះមកចុះចតជាបន្ទាន់នៅ LAX នៅម៉ោងប្រហែល 2:10 រសៀល។ វីដេអូដែលថតបានហេតុការណ៍នេះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម។ រូបភាពបង្ហាញពីផ្នែកខាងក្រោមទាំងមូលនៃស្លាបខាងឆ្វេងឆេះ ធ្វើឱ្យអ្នកថតវីដេអូភ័យស្លន់ស្លោ ហើយលាន់មាត់ថា៖ “អូព្រះជាម្ចាស់! នេះមិនល្អទាល់តែសោះ?”។
មានអ្នកដំណើរ 226 នាក់ និងសមាជិកអាកាសយានិក 9 នាក់នៅលើយន្តហោះ។ អ្នកដំណើរទាំងអស់បានចុះពីលើយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានផ្ទេរទៅកាន់ជើងហោះហើរមួយផ្សេងទៀត ដើម្បីបន្តដំណើររបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយមក Delta បាននិយាយថា “អាកាសយានិកបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ហើយបានចុះចតដោយសុវត្ថិភាព”។
នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងក្រុមវិស្វកររបស់ Delta បានត្រួតពិនិត្យយន្តហោះភ្លាមៗ។ FAA បានបើកការស៊ើបអង្កេតជាផ្លូវការដើម្បីកំណត់ពីមូលហេតុនៃការឆេះម៉ាស៊ីនដោយកត់សម្គាល់ថា នេះជាលើកទីពីរហើយដែល Delta បានជួបប្រទះស្ថានភាពបែបនេះក្នុងឆ្នាំ 2025 ៕ ដោយធីរីណា

...

រូបថត​: Vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print