ខេត្តសៀមរាប ៖ នៅសណ្ឋាគារសុខាសៀមរាប ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបទ្វេភាគីរវាង លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និង លោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។
ក្នុងជំនួបទ្វេភាគី កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ ទៅលើវិស័យព័ត៌មានផ្សព្វផ្សាយ។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជម្រាបជូន លោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា អំពីវិបត្តិរវាងកម្ពុជា-ថៃ នឹងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលកម្ពុជាខិតខំប្រឹងប្រែងតាមរយៈផ្លូវច្បាប់ ដើម្បីដោះស្រាយវិបត្តិនេះ ហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ។ ក្នុងវិបត្តិនេះវាពាក់ព័ន្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ដែលកាសែតធំៗរបស់ថៃភាគច្រើនផ្សព្វផ្សាយព័ត៌មានមិនពិត ប្រើប្រាស់ (dirty strategy) ហេតុនេះហើយដើម្បីកែប្រែនូវស្ថានភាពដែលកម្ពុជាទទួលរងការចោទប្រកាន់ពីភាគីថៃ កម្ពុជាតែងតែបញ្ចេញនូវព័ត៌មានពិតត្រលប់ទៅវិញ ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ព័ត៌មានក្លែងក្លាយ ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ Asia Media Summit (AMS) 2025 ព្រមទាំងលើកឡើងអំពីការណែនាំមួយចំនួនចំពោះប្រទេសណាដែលចូលចិត្តបង្កើតនូវព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់មុខប្រទេសដទៃ និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ ហើយបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំ ក៏មានការថ្កោលទោសចំពោះ ប្រទេសណាដែលបង្កើត និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ។
ជាការឆ្លើយតប លោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានអរគុណចំពោះលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ ។ លោកអនុរដ្ឋមន្ត្រីព័ត៌មានមីយ៉ាន់ម៉ា ក៏បានថ្លែងការកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ២០ នេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអនុរដ្ឋមន្ត្រីព័ត៌មាន នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ក៏គ្រោងនឹងអញ្ជើញ លោក នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ជាចុងក្រោយក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជានិងមីយ៉ាន់ម៉ា បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាននិងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់និងលើពិភពលោក៕
ប្រភព ៖ (ទទក)