សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្ត ទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើ ឲ្យស្ថានការណ៍កាន់តែតានតឹង។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print