យោធាថៃ​ បានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោង​ និងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន៖​ ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ។

គួរជម្រាបជូនថា​ គិតត្រឹមវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា-ថៃ នៅបន្តប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតាមសមរភូមិជួរមុខនៅឡើយ មិនទាន់ឈប់ និងថយដៃនៅឡើយទេ បើទោះសមរភូមិខ្លះរៀងស្ងាត់បន្តិច តែការបាញ់ផ្លោងនៅតែកើតមាន។​ សម្រាប់កងទ័ពកម្ពុជានៅបន្តគ្រប់គ្រងសមរភូមិប្រយុទ្ធទាំងអស់ និងឈរជើងយ៉ាងរឹងមាំនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយបានបណ្តេញសត្រូវឈ្លានពានឲ្យរត់ចេញពីទីតាំងទាំងនេះ។

យោងសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ បានបញ្ជាក់ថា នៅសមរភូមិប្រយុទ្ធទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កងទ័ពទាំង២ បន្តប្រើកាំភ្លើងធន់ធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក តែកងទ័ពដ៏អង់អាចក្លាហានរបស់យើង នៅគ្រប់សមរភូមិប្រយុទ្ធកំពុងគ្រប់គ្រងទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ ហើយបាញ់ដាក់សត្រូវឈ្លានពានយ៉ាងចាស់ដៃ ដោយមិនខ្លាចញញើតនោះទេ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះរួមមាន៖ ទី១ ប្រាសាទតាមាន់ធំ ទី២ ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧ អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី។

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print