ខេត្តព្រៃវែង៖ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក កងសុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល០១ករណី នៅចំណុចបឹងផ្លាំង ភូមិបទសន្ទ្រា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងប្រតិបត្តិការនោះ វត្ថុតាងដែលក្រុមការងារជំនាញ ដកហូតបាន និងរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន៖ លូស្បៃមុងចំនួន២១មាត់ របាំងព្រួលស្បៃមុងប្រវែង១២៦០ម៉ែត្រ និងបង្គោលចម្រឹងចំនួន៤២០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៨៥គីឡូក្រាម។
បើតាមលោកអនុរដ្ឋលេខាធិការ ការចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងផ្លាំង ភូមិបទសន្ទ្រា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល៕ដោយ៖តារា