ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយអនាម័យ និងរបៀបរៀបរយ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។
ជាក់ស្ដែង រថយន្ត គោយន្ត រ៉ឺម៉ក និងម៉ូតូ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបន្តហូរហែរគ្មានដាច់ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងក្មេង ទាំងចាស់ ប្រុសស្រី បានជម្លៀសខ្លួនជាបន្តបន្ទាប់មកកាន់មណ្ឌលសុវត្ថិភាព ទាំងទឹកមុខស្រពាប់ស្រពន់ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យខ្លាច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។
រដ្ឋបាលខេត្តព្រះវិហារ ដែលមានលោក គីម រិទ្ធី ជាអភិបាលខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំ និងផ្ដល់ទីជម្រកបណ្ដោះអាសន្ន និងការគាំទ្រចាំបាច់នានាដល់ពួកគាត់ សំដៅធ្វេីយ៉ាងណារក្សាបាននូវសុខសុវត្ថិភាព និងសុខុមាលភាពក្នុងការស្នាក់នៅ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ៕