(ព្រំដែនកម្ពុជា-ថៃ)៖ មកទល់ម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សកម្មភាពនៃការបាញ់ផ្លោងគ្រាប់ដាក់គ្នា និងការប្រយុទ្ធទ័ពថ្មើរជើងរវាងកងទ័ពកម្ពុជា-ថៃ ឮសូរសំឡេងគ្រាប់កងរំពងពេញក្នុងព្រៃទាំងនៅភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយទាហានឈ្លានពានថៃ ចង់ដណ្ដើមទីតាំងដើម្បីឈរជើង។ នេះបេីយោងសេចក្ដីរាយការណ៍ពីសមរភូមិមុខ ។
សូមជម្រាបជូនថា នៅតំបន់ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, ថ្មដូន, ជប់គគីរ, ប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច និងតំបន់វាលឥន្ទ្រី គឺជាទីតាំងដែលកំពុងប្រយុទ្ធយ៉ាងកក្ដៅគគុកមិនថមថយនោះទេ ពោលបន្ដផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង។ ក្នុងភូមិសាស្ដ្រថ្មដូន កងទ័ពកម្ពុជាបានបាញ់ផ្លោងកម្ទេចរថក្រោះរបស់ទាហានថៃអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យទាហានថៃឈរជើងបានឡើយ។
ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង មុនឯកភាពបទឈប់បាញ់ តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានថៃអាចវ៉ៃមកឈរជើងបានឡើយ៕ដោយ៖តារា