ភ្នំពេញ : ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតមកទល់ម៉ោងនេះ ភាគីថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកម្រោល និងយ៉ាងគឃ្លើនជាងមុន ដែលបង្ហាញឲ្យឃើញថា ភាគីថៃមិនគោរពតាមបំណងសម្របសម្រួលឲ្យមានបទឈប់បាញ់ជាបន្ទាន់របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ដែលបានធ្វើឡើងកាលពីម៉ោងរំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នោះទេ។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «ចាប់ពីម៉ោង ២:០០នាទី រំលងអាធ្រាត យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជា ដោយផ្លោងទៅកាន់តំបន់វាលឥន្ទ្រយ៍។ នៅវេលាម៉ោង ២:៣០នាទី ភាគីថៃបានវាយផ្លោងដាក់នៅតំបន់តាថាវ និងភ្នំខ្មោច ដោយដ្រូនហោះសំកាំងជាប្រចាំ។ នៅក្នុងនោះផងដែរ ចាប់ពីម៉ោង ២:០០នាទី ដល់ ៤:៥០នាទី ភាគីថៃបានវាយប្រហារដោយបានបាញ់កាំភ្លើងធំទីក្នុងទឹកដីប្រាសាទតាមាន់ធំ និងតាក្របី វេលាម៉ោង ៦:០០នាទី មុននេះបន្តិច ថៃចាប់ផ្ដើមវាយថ្មើជើងបន្ថែមទៀតចូលតំបន់ភ្នំខ្មោច»។
លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «គ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ ទាំងប្រាសាទតាមាន់ រហូតដល់តំបន់មុំ៣ ខ្មាំងប្រើប្រាស់កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់ គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជា។ ក្នុងនោះយើងឃើញថា នៅតំបន់ភ្នំខ្មោច អានសេះ និងប្រាសាទព្រះវិហារ គឺការទម្លាក់គ្រាប់កម្ទេចផ្លូវរបស់ភាគីថៃ។ កម្លាំងរបស់យើងនៅតែបន្តវាយបកវិញយ៉ាងសកម្មនិងមិនញញើត តស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀលក្នុងការការពារដែនអធិបតេយ្យភាពរបស់យើងឲ្យខាងតែបាន»។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៤ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕
ដោយ : សិលា