ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ រយៈពេល៥ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីបង្កដោយយោធាថៃ ប្រជាពលករខ្មែរធ្វើការនៅប្រទេសថៃបានវិលចូលមាតុប្រទេសវិញប្រមាណ៤០ម៉ឺននាក់ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា រយៈពេល៥ថ្ងៃមកនេះ មានប្រជាពលករខ្មែរធ្វើការនៅថៃវិលចូលមាតុប្រទេសវិញប្រមាណ ៤០ម៉ឺននាក់ហើយ និងថាចំនួននេះនឹងបន្តកើនឡើងប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។
លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «នៅថ្ងៃនេះ យើងរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត»។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ។
ថៃនេះផងដែរ សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។
កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បបញ្ជាក់ថា កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមនៅម៉ោង៣រសៀលថ្ងៃនេះ (ម៉ោងនៅម៉ាឡេស៊ី) ៕
ដោយ ៖ សិលា