ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ លោកឧកញ៉ា សួរ វីរៈ​ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើសម្ភារ​ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជាបានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ត្រៀម​ខ្លួន​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​​ប្រសិន​មានការ​ស្នើសុំ​តម្រូវ​ការ​ឡាន​ ដើម្បី​ដឹក​ពលរដ្ឋភៀសសឹក​ពី​តំបន់​ដែល​មាន​ការ​បាញ់​ប្រហារ ​មកកាន់​ទីទួល​សុវត្ថិភាព​។

លោក​ឧកញ៉ា​ សួរ វីរៈ បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា​-ថៃ នា​ពេល​នេះ​ ក្រុម​ហ៊ុន​បាន​ទទួល​ការងារ​ចំនួន​ពីរ​ដែល​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​ ការ​ងារ​ទី​១ គឺ​រាល់​ទំនិញ​ដែល​ពលរដ្ឋ​ចង់​ផ្ញើ​ទៅ​កង​ទ័ព​របស់​យើង​ដែល​កំពង់​ឈរ​ គឺពលរដ្ឋ​អាច​ផ្ញើ​នៅ​គ្រប់​ទីតាំង​ទាំង​អស់​របស់​វីរៈប៊ុន​ថាំ​នៅ​ទូទាំង​ប្រទេស​ដើម្បី​យើង​អាច​ប្រមូល​អំណោយ​ទាំង​អស់​នោះ​ជូន​ដល់​វិរៈកងទ័ព​កម្ពុជា​ដែល​កំពង់​ឈរ​ជើង​ការ​ពារ​តាម​បន្ទាត់​ព្រំដែន​។

លោកឧកញ៉ា​ សួរ វីរៈ​ បានបញ្ជាក់បន្ថែម​ថា៖ «ក្នុង​ចំណោម​អំណោយ​ទាំង​អស់​នោះ​មួយ​ចំនួន​អាច​ទៅ​ដល់​កងទ័ព និង​មួយ​ចំនួន​ទៀត​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​ ព្រោះ​ពលរដ្ឋ​ដែល​ចេញ​ពី​ផ្ទះ​សម្បែង​មក​នៅ​ទីតាំង​ភៀស​ខ្លួន​ក៏​នៅ​មាន​​ភាព​ខ្វះខាត​ដូច​គ្នា​ដែរ​។ ជុំ​វិញ​បញ្ហា​នេះ ក្រុមហ៊ុន ក៏​បាន​កំពុង​ពិភាក្សា​ជា​មួយ​កង​ទ័ព​​ថាតើ​ឥវ៉ាន់​ទាំង​អស់​នោះ​ប្រសិន​បើ​មិន​ទៅ​ដល់​កង​ទ័ព យើង​និង​ធ្វើ​ការ​បែងចែក​ខ្លះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​ត្រូវ​ការ​អំណោយ​ប្រភេទ​ណា​មួយ​ដែល​ចាំ​បាច់»។

លោក​ក៏​បាន​អះអាង​ដែរ​ថា៖ «សម្រាប់​ការ​ដឹក​ជញ្ជូន​ក្រុមហ៊ុន​ក៏​ត្រៀម​ខ្លួន​ចូល​ជា​មួយ​រាជរដ្ឋាភិបាល​ប្រសិន​ជា​មាន​ការ​ស្នើសុំ​ឡាន​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់​មាន​ការ​បាញ់​ប្រហារ​ មក​ទីទួល​ដែល​មាន​សុវត្ថិភាព​»។

លោក​ស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែង​ថា ពលរដ្ឋខ្មែរស្លូតត្រង់ជិត ៨ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅសុខសាន្ត, សាលារៀនជាង ៦រយ​ត្រូវបិទទ្វារ, សិស្សានុសិស្សជាង ១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រ គ្រូបង្រៀនជាង ៦ពាន់នាក់​មិន​បានបង្រៀនសិស្ស ព្រោះតែការឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print