រឿង អង្គការចោរប្លន់

ចែករំលែក៖

កងទ័ពដែលត្រូវបាញ់សម្លាប់÷
មុន២ថ្ងៃ ពេលដែលកងទ័ពរំដោះខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខលន់ នល់ នៅកណ្ដាលទីក្រុងភ្នំពេញបានកើតចលាចលហើយមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរដែលធ្លាប់តែហឺហាចាប់ផ្ដើមភ័យខ្លួន។ អ្នកខ្លះរត់ចោលតួនាទី ហើយអ្នកខ្លះទៀតរៀបចំបង្វេចរត់ឡើងយន្តហោះចាកចោលមាតុភូមិជាទីស្នេហា។
ក្នុងថ្ងៃដដែលនោះ នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង សំឡេងគ្រាប់កាំភ្លើងលាន់ឮកងរំពងបណ្ដាក់គ្នាឥតដាច់សូរចាប់តាំងពីម៉ោង ៤ទៀបភ្លឺ។ ឪពុកម្ដាយរបស់ខ្ញុំ និងអ្នកភូមិផ្សេងទៀត ឱបកូនចៅពួនសំងំនៅក្នុងផ្ទះគ្រប់ៗគ្នា មិនហ៊ានចេញមកក្រៅមើលហេតុការណ៍ដែលកំពុងតែកើតឡើងឡើយ។
លុះដល់ព្រឹកព្រហាមថ្ងៃរះឡើង ស្នូរគ្រាប់កាំភ្លើងដែលបានបាញ់គ្នាដណ្ដើមជ័យរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ នោះក៏ស្ងាត់សូន្យវិញ។ នៅត្រង់ចំណុចស្ពានទន្លៀង(ស្ពានតាលៀង) មានសេសសល់សំណល់សំបកគ្រាប់កាំភ្លើងជាច្រើនស្អេកស្កះថែមទាំងមានសពខ្មែរក្រហម និងទាហាន លន់ នល់ មួយចំនួនទៀតស្លាប់យ៉ាងអាណោចអាធ័ម។
ទាហាន លន់ នល់ ម្នាក់ដែលអ្នកស្រុកស្គាល់អត្តសញ្ញាណយ៉ាងច្បាស់ថាជាអ្នកមានស្រុកកំណើតនៅភូមិភាគបូព៌ាបានបានដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ជាពន់ពេក។ សាកសពទាហានម្នាក់នោះដេកស្លាប់កាប់មុខជើងម្ខាងនៅលើស្ពាន។និងជើងម្ខាងទៀតធ្លាក់យោលយកសំយុងចុះក្រោមហើយមានឈាម។ហូរប្រឡាក់អាវទើបពាក់កណ្ដាលខ្លួន។ ដីរបស់សាកសពកាន់កាំភ្លើងជាប់ ហើយគ្រាន់តែផ្ងារមុខសាកសពរបស់ទាហាននោះឡើងភ្លាមស្រាប់តែនៅទីនោះស្រណោះចិត្តរួចរាន់មាតថា
– អ្ហា!នេះបងយកនៅបាវិតទេតើ។
ប្រជាជនម្នាក់ៗ មានទឹកមុខតក់ស្លុតជាអនេកនៅពេលបានឃើញសភាពការណ៍បែបនេះ។ គ្រាប់កាំភ្លើងរបស់ក្រុមខ្មែរក្រហមបានបាញ់មកចំត្រង់សៀតផ្កាខាងឆ្វេងរបស់បងយោ។ សាកសពទាហានដទៃទៀតមានប្រឡាក់ឈាមក្រហមឆ្អិនឆ្អៅដេកស្ដូកស្ដឹងពាសពេញដី។ សាកសពខ្លះត្រូវគ្រាប់កាំភ្លើងទម្លុះក្បាលថ្ងាស សាកសពខ្លះធ្លាយពោះហើយសាកសពខ្លះទៀតត្រូវគ្រាប់ចំកណ្ដាលដើមទ្រូង។ ប្រហែលជាមួយម៉ោងក្រោយមកឡានដំរីទឹកសម្រាប់ដឹកទាហានដែលបើកបរដោយបុរសវ័យប្រមាណ ៤០ប្លាយឆ្នាំម្នាក់ មានស្លៀកពាក់ឯកសណ្ឋាន និងជានាយទាហានរបស់ លន់ នល់ បានបើកមកដល់។ មនុស្សម្នាជាច្រើនបានមកចោមរោមមើលដេសដាស់នៅលើស្ពានទន្លៀង។ ក្មេងៗស្រែកយំក្រោយពីបានមើលឃើញរូបភាពមនុស្សស្លាប់ពីការប្រយុទ្ធគ្នានេះ។ សាកសពរបស់ទាហាន លន់ នល់ទាំងអស់ត្រូវអ្នកភូមិនាំគ្នាជួយសែងម្ដងមួយៗដាក់លើឡាន។ រីឯសាកសពរបស់កងទ័ពខ្មែរក្រហមត្រូវអ្នកភូមិចាប់អូសដូចខ្មោចសត្វយកទៅដាក់គរជាគំនរលើគ្នារួចដុតចោលនៅកណ្ដាលវាលស្រែ។ ឡានដំរីទឹកដឹកសាកសពបានបើកទៅមុខយឺតៗ លើកកំណាត់ផ្លូវជាតិលេខមួយតម្រង់ទៅទិសខាងកើតឥតងាកក្រោយឡើយ។ ឡានដំរីទឹកនៅតែទៅមុខតិចៗឥតឈប់ ម្ដងផ្អៀងទៅឆ្វេងម្តងផ្អៀងទៅស្ដាំតាមស្ថានភាពផ្លូវខូចខាត។ នៅពេលដែលឡានដំរីទឹកបានបើកមកដល់ភូមិតាបឹមឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏បានកំពុងបើកបរចូលទៅក្នុងភូមិ ធ្វើឱ្យអ្នកភូមិគ្រប់គ្នាបែរភ្នែកក្រឡេកមើល។ ស្ត្រីវិញប្រហែល ៣០ ឆ្នាំស្លៀកសំពត់បត់ពណ៌ទឹកប៊ិចក្រមៅ និងអាវប៉ោងស្មា ដៃត្រឹមកែងដៃខំរត់ចុះពីលើផ្ទះក្បឿងមួយ។ នៅក្នុងដៃរបស់ស្ត្រីនោះមានពក្មេងស្រីម្នាក់អាយុប្រហែល ៤ឆ្នាំប្រកបដោយទឹកមុខញញឹមញញែម។ មិនយូរប៉ុន្មានអ្នកបើកឡានបាននិយាយទៅកាន់ស្ត្រីនោះឡើងថា ក្រាញ់ បងយោប្ដីក្មួយឯងត្រូវកងទ័ពខ្មែរក្រហមបាញ់សម្លាប់ហើយ។ ជីដូនមួយរបស់ខ្ញុំក៏សួរតបទៅវិញទាំងអារម្មណ៍រន្ធត់ថា ថាម៉េចពូ ប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមបាញ់ឬពូ? ទាហាន លន់ នល់ នោះក៏ឆ្លើយបញ្ជាក់ទៀតថា អើ!ប្ដីឯងហ្នឹងគេបាញ់ស្លាប់កាលពីព្រឹកមិញ។នៅស្ពានទន្លៀង ហើយឥឡូវសាកសពពូដឹកមកហើយនៅខាងក្រោយនេះក្មួយ។
គ្រាន់តែឮដំណឹងដ៏គួរឱ្យសង្វេគជីដូនមួយរបស់ខ្ញុំ ក៏ដាក់កូនស្រីពៅរបស់គាត់ចុះពីលើដៃ រួចក៏ប្រញាប់រត់ឡើងទៅលើឡាន។ នៅពេលបានឃើញសាកសពប្ដីជោកជាំដោយឈាម ជីដូនមួយរបស់ខ្ញុំស្រែកទ្រហោយំខ្លាំងៗ។ អ្នកភូមិក្បែរៗនោះ ក៏រត់ឈូរឈរមកមើល។ សុខ គង់ ដែលជាកូនស្រីច្បងអាយុប្រហែល ៥ឆ្នាំរបស់ជីដូនមួយខ្ញុំបានឃើញហេតុការណ៍បែបនេះហើយ ក៏ប្រញាប់រត់មកប្រាប់ឪពុករបស់ខ្ញុំដែលកំពុងនៅខាងក្រៅផ្ទះ។
មិនបានមួយថ្ងៃពេញផងស្រាប់តែឮវិទ្យុជាតិផ្សាយនៅថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ថា កងទ័ពខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញបានសម្រេច ហើយតទៅនេះរបប លន់ នល់ បានដួលរលំជំនួសដោយរបបកម្ពុជាប្រជាធិបតេយ្យចូលមកគ្រប់គ្រងប្រទេសជាតិវិញ។

(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print