សមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់កាត់សោច្រវាក់លួចម៉ូតូចំនួន២គ្រឿងនៅសង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោសកាត់ផ្តាច់មេសោច្រវាក់លួចម៉ូតូបានចំនួន២គ្រឿង នៅចំណុចផ្លូវរ៉ាដា ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គេចខ្លួនបានតែ២ថ្ងៃ ហើយបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ផងដែរ។

ជនសង្ស័យទាំងនោះមាន១-ឈ្មោះ វិច្ឆ័យរ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងស្វាយ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ , ២-ឈ្មោះ តឹង សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមាន១-ឈ្មោះ ហឿង គឹមឡាង ភេទស្រីអាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងកាហ្វេ, ២-ឈ្មោះ ហ៊ល សេងហ៊ង ភេទស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងកាហ្វេ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ 

សមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នៅវេលាម៉ោងប្រមាណ៣ រំលងអធ្រាត្រ   ជនរងគ្រោះទាំងពីរបានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេ៊រី២០១៧ ផ្លាកលេខ ព្រៃវែង1K-1879 និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ធំ 1P-3406 មកឈប់ចតនៅខាងមុខចំហៀងបរិវេណបន្ទប់ជួល ចំណុចផ្លូវរ៉ាដា ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចាក់សោម៉ូតូត្រឹមត្រូវ។ លុះនៅព្រឹកឡើងពេលចុះមកយកម៉ូតូស្រាប់តែត្រូវជនសង្ស័យលួចកាត់មេសោច្រវាក់លួចយកម៉ូតូទៅបាត់។បន្ទាប់ពីបាត់ម៉ូតូជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ ចុះទៅស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព។ 

តាមសមត្ថកុិច្ចខណ្ឌសែនសុខបានឲ្យដឹងទៀតថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ​ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ​សែនសុខចុះធ្វេីការស្រាវជ្រាវរហូតឈាន ទៅឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ និងដកហូតបានវត្ថុតាងក្រាមពណ៌សថ្លាដែលសង្ស័យជាគ្រឿងញៀន។

បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន ២ គ្រឿងកាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print