ឃាតករជានរណា?
អ្វីៗផ្ទុយខុសស្រឡះពីការសង្ឃឹមទុកថាប្រទេសកម្ពុជានិងទទួលបានសុខសន្តិភាព។ក្រោយពេលផ្លាស់ប្ដូររបបដឹកនាំថ្មី។ ខេត្តស្វាយរៀង កងទ័ពខ្មែរក្រហមបានបង្ខំឲ្យប្រជាជនចុះចេញពីផ្ទះសម្បែងធ្វើដំណើរម្ដងទៅនេះ និងម្ដងទៅនោះដូច កៀងគោក្របីទៅតាមទំនើងចិត្ត។ គ្មានប្រជាជនណាម្នាក់ហ៊ានហាមាត់ប្រឆាំងនឹងកងទ័ពខ្មែរក្រហមឡើយ។ ប្រសិនបើនរណាហ៊ានប្រឆាំងនោះនឹងមានឈ្មោះថាជាខ្មាំងហើយវាសនាចុងក្រោយរបស់ខ្មាំងគឺគេចមិនផុតពីសេចក្តៅស្លាប់ឡើយ។
គ្រួសាររបស់ខ្ញុំ និងក្រាញ់បានប្រមូលយករបស់មានតម្លៃមួយចំនួនទៅតាមខ្លួន រួមមានខ្សែកមានទំងន់ប្រាំជី ដែលជាចំណងដៃស្នេហា និងនាឡិកាដៃចាស់មួយ។ សុគង់ គឺជាកូនស្រីច្បងនៅក្នុងគ្រួសារធ្វើជាអ្នកបរទេះដឹកចានឆ្នាំង និងអង្ករសម្រាប់ប្រើប្រាស់ហូបចុកប្រចាំថ្ងៃ។ លូគឺជាកូនទី២ ជាអ្នកកាន់កន្ទេលមួយដើរតាមក្រោយរទេះឥតដាច់ថ្ងៃឡើយ។ ចំណែក សុខា ដែលជាកូនស្រីពៅអង្គុយលើអីវ៉ាន់ក្នុងរទេះ។ ទាំងបួននាក់ម្ដាយ និងកូនធ្វើដំណើរសំដៅទៅទិសខាងលិច ទៅតាមបណ្ដោយថ្នល់ជាតិលេខ១ មានមនុស្សម្នាជាច្រើនចាកចេញពីផ្ទះហើយមើលទៅក៏គ្មានគោលដៅដូចយើងដែរ។
យើងធ្វើដំណើរមកដល់មន្ទីរពេទ្យបង្អែកជីភូមានចម្ងាយប្រមាណ១៥ គីឡូម៉ែត្រពីឃុំបាវិត។ ក្រាញ់ រន្ឋត់ចិត្តជាពន់ពេកនៅពេលដែលឃើញអ្នកជំងឺវ័យចំណាស់ដែលត្រូវកូនចៅរុញលើរទេះចេញពីមន្ទីរពេទ្យ ទាំងអ្នកខ្លះនៅភ្ជួរសេរ៉ូមនៅលើដៃនៅឡើយ។ ចាស់ៗកោងខ្នងមួយចំនួន ដែលដើរមិនរួច ត្រូវកូនចៅឱ្យអង្គុយក្នុងរទេះដឹកអីវ៉ាន់ រួចអូសចេញទៅ។សម្រែកហៅចៅលាន់ឮរងំនៅក្នុងហ្វូងមនុស្ស ស្រីប្រុស ចាស់ក្មេងទាំងឡាយ។ ក្មេងៗខ្លះយំលាន់រំពងពីព្រោះវង្វេងរកឪពុកម្ដាយមិនឃើញ។
ដើរពេញមួយថ្ងៃទៅហើយក្រាញ់នៅមិនទាន់ឃើញនរណាដែលខ្លួនស្គាល់សោះ។ ក្រាញ់ដើរយូរៗទៅស្រាប់តែវង្វេងបាត់កូនប្រុសតែមួយរបស់គត់ ។ ក្រាញ់ស្រែកខ្លាំងៗថា លូ! លូ! កូនឯងនៅទីណា?
ក្រាញ់ ស្រែកផង យំផង ដៃម្ខាងពរកូនពៅជាប់នៅហ្នឹងចង្កេះ។ ក្រាញ់ខំស្រែកហើយស្រេចទៀតនៅតែរកមិនឃើញកូនទាល់តែសោះ។ ក្រាញ់ទាល់គំនិតក៏បានស្រែកតួគេតួឯកប៉ុន្តែគ្មាននរណាស្គាល់ឡើយ។លោកក្រាញ់។ដែលបានទៅមុខប្រហែលកន្លះគីឡូម៉ែត្រស្រាប់តែឃើញកូនរបស់ខ្លួន។ សុគង់ ឃើញប្អូនហើយប្រាប់ម្ដាយយ៉ាងត្រេកអរថា ម៉ែៗ! នោះអាអូនម៉ែ វានៅពីក្រោយឡានគេនោះ។
គ្រាន់តែ សុគង់ ប្រាប់ភ្លាម ក្រាញ់ ក៏ស្ទុះទៅភ្លែតទះកូនប្រុសពីរបីដៃខ្លាំងៗ រួចក៏ស្ដីបន្ទោសឲ្យជាច្រើន។ លូ លូ មិនបានដឹងទាល់តែសោះថាម្ដាយរបស់ខ្លួនកំពុងស្រែកយំរក ដូច្នោះហើយក៏ធ្វើភ្នែកម៉ង់ៗដូចមិនដឹងរឿងអី។ បន្តិចក្រោយមកលូលូនិយាយប្រាប់ទៅម្ដាយថា ម៉ែអម្បាញ់មិញខ្ញុំដើរតាមឡាននោះហើយក្លិនបំពង់ស៊ីម៉ាំងឡាននោះក្រអូបណាស់ម៉ែ។ ក្រាញ់ និយាយទាំងខឹងផងថា អើ! បើក្រអូបទៅតាមឡានគេទៅ កុំមកតាមអញកូនពិបាកៗរបៀបហ្នឹងអញមិនចង់បានទេ។
នឹកទៅហួសចិត្ត ក្រាញ់ក៏លាន់មាត់សើចម្នាក់ឯងទាំងកណ្ដាលហ្វូងមនុស្ស។ ពីមួយថ្ងៃទៅមួយថ្ងៃក្រាញ់ និងកូនៗធ្វើដំណើរទៅមុខរហូត។ យប់នៅត្រង់ណា សម្រាកនៅត្រង់ហ្នឹង។ មកដល់ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដដែល ក្រាញ់បានជួបនឹងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះចូក និងចន។ ចូក និងចន គឺជាបងប្អូនបង្កើតនឹងគ្នា។ ចូកគឺជាបងរបស់ចនដែលទើបតែរៀបការហើយថ្មីៗ។ រីឯ ចន វិញគឺជាគ្រូបង្រៀន និងមិនទាន់រៀបការទេ។ ពួកគាត់បានសួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងយូរ។
ចូក: ចុះប្ដីក្រាញ់ឯងទៅណាបានមិនឃើញ? គ្រាន់តែឮសំណួរនេះក្រាញ់ ប្ដូរទឹកមុខស្រងូតស្រងាត់រួចក៏យំរៀបរាប់។
ក្រាញ់ ÷ បងចូកអើយ! ឪសុខគង់ត្រូវកងទ័ពខ្មែរក្រហមបាញ់សម្លាប់ហើយ ស្លាប់ប៉ុន្មានថ្ងៃមុននេះឯង។
ចូក÷ អូហ៍! អាណិតគ្នាណាស់។ បងឮគេខ្សឹបខ្សៀវថា ពួកខ្មែរក្រហមអស់នោះស្អប់អ្នកនិយមពួកលោកសេរីណាសជាពិសេសគឺ លន់ នល់ នេះតែម្ដង។ ថ្ងៃមុននោះ បងឃើញខ្មែរក្រហមបាញ់សម្លាប់ប្រពន្ធទាហានលន់ នល់ ខ្មែរម្នាក់។ ទោះបីជាស្ត្រីនោះខំយំអង្វរយ៉ាងណា ក៏កងទ័ពខ្មែរក្រហមទាំងអស់នោះមិនស្រណោះដែរហើយនិយាយថា បើជីកស្មៅ ត្រូវជីកទាំងឫស។ ក្រាញ់ឯងប្រយ័ត្នណា បើខ្មែរក្រហមសួរត្រូវនិយាយថាធ្វើស្រែទាំងពីរនាក់ប្ដីប្រពន្ធ។
ក្រាញ់ ភ័យណាស់នៅពេលដែលបានស្ដាប់សម្ដីបងចូករួចក៏សួរត្រឡប់ទៅវិញ។
ក្រាញ់÷ អ៊ីចឹងបងមានដឹងទេថាពួកខ្មែរក្រហមនោះ ជានរណាហើយមកពីណាឲ្យប្រាកដទៅបង?
ចូក÷ បងក៏មិនដឹងច្បាស់ដែរថាជានរណាជាអ្នកបញ្ជា និងមកពីខាងណាទេ។ បងគ្រាន់តែដឹងថាពួកនេះជាអ្នកផ្ដួលរំលំរបបលន់ នល់។ ដូចនេះមនុស្សរបស់លន់ នល់ គឺជាសញ្ញាទី ១ ដែលវាត្រូវកម្ចាត់ចោល។
ក្រាញ់÷ ពុទ្ធោ! ជាខ្មែរដូចគ្នាសោះអ៊ីចឹងពួកវាហ្នឹងហើយ គឺជាឃាតករបាញ់សម្លាប់ប្ដីរបស់ខ្ញុំ។
និយាយបណ្ដើរ ក្រាញ់ និងកូនព្រមទាំងបងជីដូនមួយក៏សម្រេចចិត្តធ្វើដំណើរទៅទិសខាងលិចទាំងអស់គ្នា។ (នៅមានត)
