គាំទ្រចំណាត់ការ ! លោក ត្រាំ ជំរុញមន្រ្តីផ្តើមចរចាពាណិជ្ជកម្មវិញជាមួយកម្ពុជា និងថៃ ក្រោយបទឈប់បាញ់

ចែករំលែក៖

អន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ត្រីអាម៉េរិកចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមឈប់បាញ់គ្នានៅតាមបន្ទាត់ព្រំដែនដែលមានជម្លោះ។

«ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំឱ្យចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដោយបញ្ចប់សង្គ្រាមនេះ» ។ លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social នៅយប់ថ្ងៃទី២៨ ខែកក្កដាម្សិលមុិញ។
ប្រធានាធិបតីអាម៉េរិករូបនេះ បានបន្តថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ជាក់ពីការឈប់បាញ់គ្នា។

ការលើកឡើងរបស់លោក ត្រាំ ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់លោក ក្នុងការប្រើប្រាស់ពាណិជ្ជកម្មជាដំណោះស្រាយសម្រាប់ជម្លោះភូមិសាស្ត្រនយោបាយ ដោយលោកអះអាងថា លោកបានដាក់សម្ពាធលើដៃគូពាណិជ្ជកម្មឱ្យបញ្ចប់អរិភាព ដើម្បីរក្សាការចូលទៅកាន់ទីផ្សារអាម៉េរិក។

សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៨ ខែកក្កដា កម្ពុជា និងថៃ បានយល់ព្រមឈប់បាញ់គ្នា បន្ទាប់ពីជម្លោះរយៈពេល៥ថ្ងៃ ក្រោយកិច្ចពិភាក្សាដោយផ្ទាល់នៅម៉ាឡេស៊ី រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ដោយមានការឯកភាព ៣ចំណុច។ ទីមួយ បទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ ចាប់ពីពាក់ណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា។ ទីពីរ រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការប្រទេសទាំងពីរនៅម៉ោង ៧ព្រឹក នាថ្ងៃទី២៩ ខែក្កដា និងទីបីភាគីទាំងពីរបានឯកភាពបង្កើតគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ ខែសីហា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

បន្ទាប់ពីកិច្ចពិភាក្សាដោយឡែកជាមួយមេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែកក្កដា លោក ត្រាំ បានព្រមានថានឹងរារាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រសិនបើអំពើហិង្សានៅតែបន្ត។ កម្ពុជា និងថៃអាចប្រឈមនឹងការដំឡើងពន្ធរហូតដល់ ៣៦ភាគរយ នៅថ្ងៃទី១ សីហា ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងជាមួយអាម៉េរិក។
ប្រធាធិបតី អាម៉េរិក លោក ដូ ណាល់ត្រាំ ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែតថា ៖ អាម៉េរិក ចង់ឃើញសន្តិភាពរវាងកម្ពុជា-ថៃ ជាអចិន្ត្រៃយ៍ !

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។

ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។

ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។

ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print