លោកបណ្ឌិត កៅ មុយថង រំលេចពីតួនាទីរបស់ចិន ក្នុងការជំរុញសន្តិភាព រវាងកម្ពុជានិងថៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយសម្រេចបាន បទឈប់បាញ់រវាងកម្ពុជានិងថៃ ទាំងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត  និង ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់បណ្តាប្រទេសចំនួនបី ដែលបានជួយ ផ្តួចផ្តើមគំនិត និង ជ្រោមជ្រែង សម្រេចឲ្យមានកិច្ចព្រមព្រៀង សន្តិភាពនេះ រួមមាន ម៉ាឡេស៊ី, សហរដ្ឋអាមេរិក និង ចិន។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានប្រាប់ នៅថ្ងៃទី២៩ ខែកក្កដា ២០២៥នេះ ដោយបានរំលេចពីពីតួនាទីរបស់ចិន ក្នុងការជំរុញសន្តិភាពរវាងកម្ពុជានិងថៃ។

ឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា-ចិន ជុំវិញការវាយតម្លៃ ពីតួនាទីរបស់ចិន ក្នុងកិច្ចការនេះ លោក បណ្ឌិត កៅ មុយថង បានលើកឡើងថា «រដ្ឋាភិបាលចិនបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញការស្វែងសន្តិភាព រវាងកម្ពុជានិងថៃ ជាពិសេស ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ នៅព្រំដែនជាច្រើនថ្ងៃ។ ប្រជាជនកម្ពុជាពិតជា ត្រូវថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកបទឈប់បាញ់គ្នា និងព្រមទាំងបានចូលរួមធ្វើជាសហអ្នករៀបចំការចរចាររកបទឈប់បាញ់ភ្លាម នៅក្នុងជំនួបចរចាជាមួយនាយករដ្ឋមន្រ្តីស្តីទីថៃ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ កក្កដា កន្លងមកនេះ»។

លោកបន្តថា «តួនាទីរបស់ចិនក្នុងការជំរុញឱ្យមានសុខសន្តិភាពរវាងកម្ពុជានិងថៃ ជាពិសេស ក្នុងអំឡុងពេលមានភាពតានតឹងតាមព្រំដែននាពេលថ្មីៗនេះ និងក្នុងពេលកន្លងមក លោកអាចបកស្រាយបានតាមរយៈ ចំណុចសំខាន់ៗ ចំនួន ៦។

ទី១៖ គោលជំហរអព្យាក្រឹត និងយុត្តិធម៌ ៖ ចិនបានប្រកាសយ៉ាងច្បាស់លាស់ថា ខ្លួនរក្សាជំហរអព្យាក្រឹត និងយុត្តិធម៌ចំពោះជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ នេះមានន័យថា ទោះបីកម្ពុជា និងចិនដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធ ជា “មិត្តដែកថែប” ជាអ្នកវិនិយោគដ៏ធំបំផុតមួយ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ប៉ុន្តែ កម្ពុជាក៏តែងស្វែងរកការរក្សាទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់ ហើយជៀសវាងការចូលរួមក្នុងជម្លោះរវាងមហាអំណាច ឬជ្រើសរើសភាគីណាមួយផងដែរ។ លោកពិតជាយល់ស្របជាមួយនឹងគោលជំហរការទូតរបស់ចិន ជាពិសេសនៅពេលដែលគោលជំហរទាំងនោះផ្តោតលើសន្តិភាព ស្ថិរភាព និងការមិនជ្រៀតជ្រែកលើកិច្ចការណាមួយរបស់ប្រទេសចិន។ ទោះបីចិនមិនចូលបក្ស   សម្ព័ន្ធជាមួយភាគីណាមួយក៏ដោយ ប៉ុន្តែចិនផ្តោតលើការជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី។ 

ទី២ ៖ ការអំពាវនាវឱ្យមានការបន្ធូរបន្ថយ និងការអត់ធ្មត់ ៖ រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន តែងតែអំពាវនាវដល់កម្ពុជានិងថៃ ឱ្យគិតគូរអំពីផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ស្មារតីនៃការឱ្យតម្លៃសន្តិភាព និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ព្រមទាំងកុំឆេវឆាវនិងអនុវត្តភាពអត់ធ្មត់ រួចហើយផ្អាកប្រយុទ្ធគ្នា និងបញ្ចប់ជម្លោះទៅវិញឱ្យបានឆាប់តាមតែអាចទៅរួច។ មកដល់ពេលនេះ ចិនតែងបានបង្ហាញការព្រួយបារម្ភ និងសោកសៅចំពោះការបាត់បង់អាយុជីវិត និងរបួសរបស់ប្រជាជនទាំងសងខាង។

ទី៣ ៖ ការជំរុញឱ្យមានការសន្ទនា និងដំណោះស្រាយនយោបាយ ៖ ចិនជឿជាក់ថា កិច្ចសន្ទនា និងការចរចាដោយសន្តិវិធី គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយនូវភាពខុសគ្នាក្នុងបរិបទខ្លះ។ ចិនបានលើកទឹកចិត្ត ភាគីទាំងពីរឱ្យប្រើប្រាស់យន្តការការទូត និងការពិគ្រោះយោបល់ដើម្បីស្វែងរកដំណោះស្រាយ។

ទី៤ ៖ ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ៖ ចិនបានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន ជាពិសេស នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការជំរុញឱ្យមានបទឈប់បាញ់ភ្លាម និងការដាក់ចេញយន្តការដោះស្រាយជម្លោះ។ នេះបង្ហាញពីការគោរពរបស់ចិនចំពោះ “មគ៌ាអាស៊ាន” ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។

ទី៥ ៖ ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ ៖ ដោយសារចិនជាដៃគូពាណិជ្ជកម្ម និងអ្នកវិនិយោគដ៏សំខាន់សម្រាប់ទាំងកម្ពុជានិងថៃ ដូច្នេះ ខ្ញុំជឿថា ចិនមានឥទ្ធិពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា ដែលអាចប្រើប្រាស់កត្តាសេដ្ឋកិច្ចដើម្បីជំរុញឱ្យភាគីទាំងពីរចូលរួមក្នុងការចរចា។ អ្នកវិភាគមួយចំនួនក៏បានជឿជាក់ថា កន្លងមកនេះ ចិនអាចធ្វើជាអ្នកសម្របសម្រួល “ដោយស្ងៀមស្ងាត់ ឬក្រៅផ្លូវការ” ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសទាំងពីរ។

ទី៦ ៖ ការចូលរួមក្នុងវេទិកាអន្តរជាតិ ៖ ដូចដែលបានឃើញក្នុងសេចក្តីប្រកាសព័ត៌មានរួម ក៏មានការចូលរួមពីសហរដ្ឋអាមេរិកផងដែរ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជារួម លោកបណ្ឌិត កៅ មុយថង បញ្ជាក់ថា តួនាទីរបស់ចិន គឺដើម្បីធ្វើជាកម្លាំងអព្យាក្រឹត និងស្ថាបនា ដែលជាកត្តាជំរុញឱ្យភាគីជម្លោះត្រូវគោរពបទដ្ឋាន ឬច្បាប់អន្តរជាតិ រក្សាភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនាគ្នា។ នេះគឺស្របទៅនឹងគោលនយោបាយការបរទេសរបស់ចិន ដែលផ្តោតលើការមិនជ្រៀតជ្រែកលើកិច្ចការប្រទេសណាមួយ និងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ជាកិច្ចការដ៏សំខាន់៕

ប្រភព ៖ «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print