រយៈពេល៤ថ្ងៃ រាជធានី​ភ្នំពេញ​ ទទួល​អំណោយ សប្បុរសជននានា ៩០០លានរៀលនិង៣៣ម៉ឺនដុល្លារ ដើម្បីបន្តចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក​

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ថ្ងៃមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ទទួល​អំណោយពីសប្បុរសជននានា បានចំនួនជាង៩០០លានរៀល និងជាង៣៣ម៉ឺនដុល្លារ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរ មុខនិងជនភៀសសឹក​ បង្កឡើងដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។

    ពិធីប្រគល់និងទទួល នៅរសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៥ធ្វើឡើង ក្រោមវត្តមាន លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ ជាច្រើននាក់ ព្រមទាំង លោកនាយក លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

     លោកស្រី ដោ សម្ផស្ស  នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធា នីភ្នំពេញ បានឱ្យដឹងថា៖ ‎រយៈពេល៤ថ្ងៃមកនេះ អំណោយដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានពីសប្បុរសជននានា កើនឡើងដល់ចំនួន៩០៤​.៤៩៩.៥៨០​រៀល និង៣៣៥.០៣៩,០០​ ដុល្លារ​អាមេរិក ព្រមទាំងសម្ភារគ្រឿង ​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​។

    សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

   លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា៖ សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរ ណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជា មួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក​ដែលកំពុងតែជ្រោកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ, ស្មារតីខ្មែរជួយខ្មែរ។ បងប្អូន​សប្បុរសជននានាអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Code។

       លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានអរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបាន និងកំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​មកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​៕  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print