ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមបើកបោះពួយខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកឡំប្រឺតា ដែលកំពុងជិះដឹកភ្ញៀវយ៉ាងពេញទំហឹងធ្វើឲ្យឡំប្រឺតារេចង្កូតទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៥នាក់ ។
ហេតុការណ៍នេះបានកើតឡេីងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវលេខ៣៤៨សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1ID-1524 ដោយមានដឹកភ្ញៀវជានារី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៣ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៍ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-8537 បោះពួយតាមបណ្ដោយផ្លូវលេខ៣៨៤ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាយ៉ាងពេញទំហឹងបណ្ដាលឲ្យឡំប្រឺតារេចង្កូតទៅបុកបង្គោលភ្លើងបេតុងនៅចិញ្ចើមផ្លូវរងការខូចខាតឡំប្រឺតាយ៉ាងដំណំព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីកឡំប្រឺតារងរបួសហូរឈាមតាមត្រចៀក និងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។ ដោយឡែកនារីជាភ្ញៀវរបួសតិចតួច មិនទៅមន្ទីរពេទ្យនោះទេបានបន្តដំណើរដោយជិះមធ្យោបាយផ្សេងទៀតចេញទៅបាត់ ។
ដោយឡែកខាងម៉ូតូវិញរងការខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីកម៉ូតូរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង ចំណែកអ្នកអង្គុយខាងក្រោយរងរបួសរលាត់ដៃជើង អ្នកទាំង២ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីដូចគ្នា ។
ក្រោយកេីតហេតុ ដោយសារតែអត់មានដំណោះស្រាយភ្លាមៗ មធ្យោបាយត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកងធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ
