ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ ៕
ដោយ ៖ សិលា