ខេត្តព្រះវិហារ ៖ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបអនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស ជម្រាបជូនអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ ជប៉ុនប្តេជ្ញាតាមដាន និងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយមានការសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។ ការប្រកាសនេះ បន្ទាប់ពីជប៉ុនដែលជាអនុព័ន្ធយោធា បានចូលរួមពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែនដោយផ្ទាល់នៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ នៅថ្ងៃនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើការបដិសេធចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ក្នុងពេលកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដានេះ ជាពិសេសគឺការលើកឡើងថា កងកម្លាំងប្រដាប់អាវុធកម្ពុជា រំលោភបំពានទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ជាមួយគ្នានោះ ក្រសួងបានគូសបញ្ជាក់ជាថ្មីថា កងកម្លាំងរបស់កម្ពុជា បានគោរពយ៉ាងត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ រវាងប្រទេសទាំងពីរ។
លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ៖ អំឡុងសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃប៉ុន្មានថ្ងៃនេះ កម្ពុជាមានជនភៀសសឹកជាង ១៦០០០០ នាក់។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សូមសាធារណជន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយពិសេសព័ត៌មានដែលទទួលបានមកពីថៃ ដែលមានបំណងធ្វើឱ្យកម្ពុជា មានការបាក់បែកជាតិ និងច្របូកច្របល់ ៕
ដោយ ៖ សិលា