ប្រទេសស្វីស៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី លើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកស្រី ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅ ក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកស្រី ទូលៀ អ៊ែកសិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខ័ណ្ឌ IPU។ លោកស្រីជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។
ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-IPU។ លោកស្រីប្រធាន IPU បានអបអរសាទរចំពោះបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នា។ បទឈប់បាញ់នេះ ពិតជាមានសារៈសំខាន់នៅក្នុងការធានាការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋទំាងពីរប្រទេស។
ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថាសុន្ទរកថារបស់សម្តេចពីករណីផ្ទុះអាវុធតាមព្រំដែនប្រទេសទំាងពីរ បានធ្វើឡើងមួយថ្ងៃមុន បទឈប់បាញ់បានឯកភាពគ្នាហើយលោកស្រីជាសាក្សីម្នាក់នៅក្នុងករណីនេះ។ សម្តេចប្រធានរដ្ឋសភា និងលោកស្រី ទូលៀ អ៊ែកសិន បានយល់ស្របដូចគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ ក្នុងបរិបទនេះ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និងការបង្ការជម្លោះ។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជន នោះគឺសន្តិភាព និងការអភិវឌ្ឍ។
បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះ លោកស្រី ទូលៀ អ៊ែកសិន ក្នុងតួនាទីធ្វើជាប្រធាន IPU ដែលបានខិតខំយ៉ាងខ្លំាងនៅក្នុងការលើកកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ ពោលក្រៅពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំហើយ បានរៀបចំកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និងសន្និសីទប្រធានសភាពិភពលោក ដែលជាការផ្តល់ឱកាសជូនថ្នាក់ដឹកនាំនិងសមាជិក ស្ថាប័ននីតិប្បញ្ញត្តិទូទៅទំាងពិភពលោកបានជួបជុំគ្នា ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈយោបល់គ្នាដើម្បីសុខដុមរមនារបស់ពលរដ្ឋប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព៕