ភ្នំពេញ៖ សាកសពបុរសជនជាតិចិនម្នាក់ដែលសង្ស័យថាបានស្លាប់ដោយអំពើឃាតកម្មនោះ ត្រូវបានគេដឹកតាមរថយន្ត១គ្រឿងយក ទៅទម្លាក់ចោលនៅតាមផ្លូវជាតិលេខ៣ ហើយត្រូវបានអ្នករត់ម៉ូតូកង់បីប្រទះឃើញរួចរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខសាលាបឋមសិក្សាទួលកី និងទល់មុខប៉ុស្តិ៍នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ WU YONG LONG អាយុ២៤ឆ្នាំ ជនជាតិចិន មានស្នាមរបួសបែកក្បាលពីក្រោយ ខ្ទេច និងរបួសនៅលើខ្នង ព្រមទាំងលើស្មា ហើយនៅក្បែរសាកសពមានកាបូបស្ពាយពណ៍ប្រផេះ១ផងដែរ ។ នៅក្នុងកាបូបនោះមានទូរស័ព្ទដៃម៉ាកIphone14 pro max១គ្រឿង លិខិតឆ្លងដែន និងកាតធនាគារATM ហើយជនរងគ្រោះរូបនោះទើបតែចូលមកដល់ប្រទេសកម្ពុជាចុះពីយន្តហោះនាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងកើតហេតុមានបុរសអ្នករត់ម៉ូតូកង់បីម្នាក់ធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានប្រទះឃើញសាកសពជនរងគ្រោះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចបានដឹង និងចុះទៅពិនិត្យមើល ។ បន្ទាប់មក
នគរបាលបានឆែកកាមេរ៉ាសុវត្ថិភាព ក៏បានឃើញនៅម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ មានរថយន្ត១គ្រឿង បានដឹកសពបុរសនេះទៅទម្លាក់ចោលនៅទីនោះ រួចក៏ចាកចេញទៅបាត់ស្រមោល ។
ប្រភពដដែលបានអោយដឹងបន្តទៀតថា យោងតាមស្លាកស្នាមរបួស និងការដឹកតាមរថយន្តយកទៅទម្លាក់ចោលនេះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ហើយពេលនេះកំពុងធ្វើការស្រាវជ្រាវលើករណីនេះ ។ សមត្ថកិច្ចបាននាំយកសាកសពទៅដាក់នៅក្នុងវត្តជន្លង់ម្លូដើម្បីធ្វើកោសល្យវិច័យ រួចដឹកបន្តទៅក្លាស្សេនៅក្នុងវត្តស្ទឹងមានជ័យរង់ចាំស្វែងរកសាច់ញាតិ ៕
ដោយ៖ ជ្រោយពេជ្រ