ខេត្តកណ្ដាល÷បុរសម្នាក់ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីជាប់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ២លើកផ្សេងគ្នា ដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះក៏ត្រូវបានរកឃើញថា មានផ្ទុកសារធាតុញៀនក្នុង ទឹកនោមផងដែរ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ដួង រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអធិការបានបន្តថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូ ២ករណីផ្សេងគ្នា៖
ករណីទី១: កាលពីថ្ងៃទី០៦ មិថុនា ២០២៥ វេលាម៉ោង ២០និង៣០នាទី ជនសង្ស័យ ដួង រដ្ឋា និងបក្ខពួកម្នាក់ ទៀតឈ្មោះ ពុំ រដ្ឋា ហៅឆាង ភេទប្រុស អាយុ ២៥ឆ្នាំ ដែលរត់គេចខ្លួន បានធ្វើសកម្មភាពលួចម៉ូតូ Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LA-1509 របស់ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាងឌឿក (ប្រុស, ១៦ឆ្នាំ) នៅចំណុចភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ករណីទី២: កាលពីថ្ងៃទី១៦ មិថុនា ២០២៥ វេលាម៉ោង ២៣និង៣០នាទី ជនសង្ស័យ ដួង រដ្ឋា រួមជាមួយបក្ខ ពួកម្នាក់ទៀតឈ្មោះ ឈារ សីហស្ត័ ហៅតោ ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបានរត់គេចខ្លួន បានធ្វើសកម្មភាពលួចម៉ូតូ Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HN-7280 របស់ជនរងគ្រោះឈ្មោះ សេន យូវីតា ភេទប្រុស អាយុ ២២ឆ្នាំនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពលួចម៉ូតូទាំងពីរលើក ជនសង្ស័យ ដួង រដ្ឋា និងបក្ខពួកបានជិះគេចខ្លួនបាត់ទៅ។ លុះមកដល់ថ្ងៃទី៣០ កក្កដា ២០២៥ ទើបកម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យ ដួង រដ្ឋា យកមកសាកសួរ។ វត្ថុតាងដែលចាប់យករួមមាន ឧបករណ៍សម្រាប់តាមដាន GPS ឆេះខ្លោចមួយគ្រឿង (របស់ជនរងគ្រោះ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ដួង រដ្ឋា បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះទាំងពីរករណីខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕