ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង ១១ព្រឹកថ្ងៃនេះ ភាគីថៃបានប្រគល់មកកម្ពុជានៅកងកម្លាំងចំនួន ២រូប ក្នុងចំណោម ២០រូប ដែលស្ថិតក្រោមការគ្រប់គ្រងដោយភាគីថៃ ហើយសូមអរគុណដល់ភាគីថៃ ដែលបានបញ្ជូនកងកម្លាំងចំនួន ២រូបមកឱ្យកម្ពុជាវិញ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ លោកស្រី បានថ្លែងបន្តថា កងកម្លាំងកម្ពុជាចំនួន ២រូប ដែលបានវិលត្រឡប់មកមាតុប្រទេសវិញ ក្នុងស្ថានភាពរបួស គឺបានកំពុងយកចិត្តទុកដាក់មើលថែរទាំព្យាបាលទាំងសុខភាពកាយ និងសុខភាពផ្លូវចិត្តពីសំណាក់ក្រុមគ្រូពេទ្យនៅអូរស្មាញ់ដែលមានការចាត់ចែងដោយផ្ទាល់ពីថ្នាក់ដឹកនាំ ដែលក្នុងន័យនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ក៏នៅតែបន្តអំពាវនាវម្តងហើយ ម្តងទៀត ទៅភាគីថៃ សូមបញ្ជូនកងកម្លាំងកម្ពុជាចំនួន ១៨រូបផ្សេងៗទៀត ត្រូវប្រគល់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស ដែលជាការគោរពទៅតាមគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ដែលស្របពេលជាមួយគ្នានេះ កម្ពុជានៅតែបន្តចរចារឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនកងទ័ពត្រឡប់មកវិញឱ្យបានឆាប់ជាមួយនឹងសុវត្ថិភាពរបស់ពួកគាត់។
ទន្ទឹមនោះផងដែរ លោកស្រី បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជា ក៏សូមទាមទារឱ្យអ្នកសារព័ត៌មាន និងបណ្តាញសង្គមថៃ បញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត លាបពណ៌ បំផុស បំផុល ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើងៗ ភាពល្អក់កករដែលមិនឆ្លុះបញ្ចាំងឆន្ទៈនៃប្រទេសទាំងពីរ ដែលកំពុងធ្វើការដោះសា្រយសន្តិវិធី ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាជនទាំងសងខាង៕
ដោយ ៖ សិលា