ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជនរយៈពេល១សប្ដាហ៏នេះ បានថវិកាជាង១ពាន់លានរៀល និងដុល្លារជាង៣៧ម៉ឺនដុល្លារអាមេរិក រួមជាមួយសម្ភារៈ មានគ្រឿឧបភោគបរិភោគ និងគ្រឿងបរិក្ខា ជាច្រើនមុខទៀត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ។
ក្រោយពីមានការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ កងទ័ពជួរក្រោយត្រូវតែជួយវីរៈកងទ័ពជួរមុខ តាមរយៈថវិកា និងសម្ភារៈ តាមលទ្ធភាពរួចមក មានរយៈពេល មួយសប្ដាហ៏មកបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលរងផលប៉ះពាល់ បានបង្ហាញឱ្យឃើញថា ទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទ័ពជួរមុខរបស់យើងបាន យ៉ាងល្អប្រពៃ ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រាក់រៀលចំនួនជាង១.១៦៥.៩២៩ .៦៨៩ រៀល និងប្រាក់ដុល្លារ ចំនួន៣៧១.១៦៧,០០ ដុល្លារអាមេរិកក្នុងនោះមានទាំងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រេីនមុខទៀតនេះជាខឿនការពារជាតិប្រជាជន ។លោកស្រីនូវបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា៖បងប្អូនសប្បុរសជននានា និងប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីអាចបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀត បានដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចាំទទួល សំភារៈនិងថវិកាតាមរយៈQR Code។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអគុណ ដល់ទឹកចិត្តដ៏ថ្លៃថ្លានេះរបស់ប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជា ច្រើនក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការឈ្លានពានទឹកដីពីកងទ័ពថៃបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ។ ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទ័ពជួរមុខភ្លាមៗតាមដែលអាចធ្វើបាន។
សូមបញ្ជាក់ថា៖ អ្វីដែលបងប្អូនប្រជាពលរដ្ឋសប្បុរសជននានា មន្ត្រីរាជការ ជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះដោយការជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីជាអគ្គមេបញ្ជាការជាន់ខ្ពស់ក្នុងការដឹកនាំគ្រប់សមរភូមិទាំងផ្លូវច្បាប់,ការទូតនិងយោធាដើម្បីការពារទឹកដីពីកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ៕. ដោយ សំរិត