អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលក្រុមការងារនេះ គឺបានបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា សមាសភាពក្រុមការងារសម្របសម្រួលនេះ រួមមាន៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និងលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាអនុប្រធាន និងទី៣ លោកឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រួសួងការពារជាតិ ជាអនុប្រធាន ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដែរ។

ជាមួយគ្នានោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារសម្របសម្រួល គឺដើម្បីផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។

សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែល ស្ថិត នៅ ក្រោមការ គ្រប់ គ្រង របស់ ទាហាន ថៃ នេះដែរ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា បាន ស្នើ ឲ្យ ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញ ឲ្យភាគី ថៃ ឆាប់ បញ្ជូន ពួកគាត់ ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវ អ្នក នាំពាក្យ ក៏ បាន លើក ឡើង ទៀត ថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬ ទុក សមាជិក របស់ ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈ ទាហា ខ្មែរ ចំនួន ១៨ នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាង យក ចិត្ត ទុក ដាក់ បំផុត ពី សំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print