ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានចូលរួមជាមួយគណៈប្រតិភូការទូតបរទេស ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលទើបមានការប៉ះទង្គិច។
ក្នុងអំឡុងទស្សនកិច្ចនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប គណៈប្រតិភូបានជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែន។ ក្នុងឱកាសនេះ ឯកអគ្គរាជទូត Dominic បានថ្លែងស្វាគមន៍ចំពោះបទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យបន្តការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។
សារផ្លូវការរបស់ស្ថានទូតអង់គ្លេសបានបញ្ជាក់ថា៖ “យើងសូមស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តកម្ពុជា និងថៃ ឱ្យបន្តការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកិច្ចសន្ទនាសន្តិវិធី ដើម្បីដោះស្រាយវិវាទតាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ចក្រភពអង់គ្លេសនៅតែគាំទ្រដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់”៕