ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌមានជ័យ និងខណ្ឌដង្កោបាននាំគ្នាទៅចូលរួមចុះឈ្មោះបោះ ឆ្នោតថ្ងៃដំបូងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយក្តីសប្បាយរីករាយទឹកមុខស្រស់ស្រាយដោយពុំមានអ្វីមិនប្រក្រតីនោះឡើយ។ ដោយឡែកនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ គេបានឃើញវត្តមានលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងភរិយារបស់លោក គឺលោកស្រី គឹម សេដ្ឋានី ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញមកចូលរួមចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ដង្កោ នៃខណ្ឌដង្កោ។
អភិបាល នៃគណៈអភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅថ្ងៃចុះឈ្មោះបោះឆ្នោតដំបូងនេះលោកបានសង្កេតពុំមានអ្វីរំខាននោះទេ ហើយបងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកចូលរួមបោះឆ្នោតយ៉ាងច្រើនប្រកបដោយក្តីសប្បាយរីករាយ ហើយដំណើរការចុះឈ្មោះបោះឆ្នោតនេះគឺគេចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ល្ងាច។ ហេតុដូច្នេះ បើប្រជាពលរដ្ឋគាត់រវល់ព្រឹកគាត់ឈ្លៀតមកថ្ងៃត្រង់ឬល្ងាចបាន ហើយថ្ងៃសៅរ៍ អាទិត្យក៏គេធ្វើការដែរ តែការចុះឈ្មោះបោះឆ្នោតយើងមានរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ដោយឡែកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យក៏មានវត្តមានទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ចាក់អង្រែក្រោមផងដែរ។ លោក ឌី រ័ត្នខេមរុណក៏ បានប្រាប់ឲ្យដឹងដែរថា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យមាន៤សង្កាត់គឺ សង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែលើ សង្កាត់បឹងទំពន់ និងសង្កាត់ស្ទឹងមានជ័យ។ លោកថា ការចុះ ឈ្មោះបោះឆ្នោតថ្ងៃដំបូងឃើញវត្តមានរបស់ប្រជាពលរដ្ឋបាននាំគ្នាមកចុះឈ្មោះតាមធម្មតាមិនមានអ្វីកើតឡើងនោះទេ ប្រជាពលរដ្ឋមានក្តីសប្បាយរីករាយ។ លោកថា ការចុះឈ្មោះយើងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ទីលំនៅនិងសាក្សីម្នាក់ភាគច្រើនជាមេភូមិ៕
ដោយ៖ តាឡឹម