រដ្ឋបាលរាជធានីភ្នំពេញ បន្ដនាំយកអំណោយ សប្បុរសជន ចែកជួនវិរកងទ័ពជួរមុខ និងគ្រួសារកងទ័ព នៅខេត្ដព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងថវិកា មួយចំនួនរបស់សប្បុរសជននានា ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣។

ពិធីប្រគល់ និងទទួល នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ក្រោមវត្តមាន លោក ឯក ឃុនដឿន និងលោក ទិត្យ សារុំ ប្រធានមណ្ឌលសុខភាពគូលែន និងលោក ប៉ែន ជឹង អភិបាលស្រុកគូលែន តំណាង លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយចែកជាពីរទីតាំងផ្សេង គ្នា។
លោក ទិត្យ សារុំ បានឲ្យដឹងថា នាអំឡុងសង្គ្រាមរវាងកម្ពុជា និងថៃ និងក្រោយបិទបញ្ចប់ការឈប់បាញ់យប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន មានបងប្អូនវីរកងទ័ព កងនគរបាលជាតិការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹក ដែលរងរបួសពីការបាញ់ផ្លោងគ្រាប់ និងបាញ់ផ្សែងពុល របស់ទាហានថៃ បានចូលមកសម្រាកព្យាបាលជំងឺនៅទីនេះ។ ជាមួយគ្នានោះលោកទិត្យ សារុំ បានថ្លែងអំណរគុណយ៉ាងជាលជៅដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ តាមរយ:ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូនមណ្ឌលសុខភាពគូលែននេះ។
លោក ឯក ឃុនដឿន បានបន្តដំណើរទៅប្រគល់អំណោយជូន កងពលធំអន្តរាគមន៍លេខ៣ ចំនួនមួយរថយន្ត ដែលមានគ្រឿងឧបភោគបរិភោគដូចជាត្រីងៀត សាច់ក្រក មី ទឹកសុទ្ធ ទឹកក្រូច នំ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ឆៃពៅ កៅស៊ូតង កន្តេល អង្រឹង និងបន្លែជាមុខផងដែរ។
ក្នុងឱកាសនោះ តំណាង លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអរគុណចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាកាល តែងតែជួយឧត្តម្ភមកដល់កងពលអន្តរាគមន៍លេខ៣ ជាក់ស្តែងក្នុងគ្រាដែលប្រទេសជាតិមានសង្រ្គាមឈ្លានពានពីទាហានថៃ លោក ឃួង ស្រេង តែងចាត់បញ្ជូនប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខជាបន្តបន្ទាប់ សូមបងប្អូនជនជាតិរួមទាំងអស់ កុំបារម្ភ យើងខ្ញុំនៅជួរមុខប្តេជ្ញាចិត្តខាច់ខាត់ការពារទឹកដីកម្ពុជាមិនឲ្យបាត់បង់សម្បីមួយមីលីម៉ែត្រឡើយ។
ក្នុងឱកាសនៃការផ្តល់អំណោយនៅទីតាំងទាំង២កន្លែងនោះ លោក ឯក ឃុនដឿន បានអរគុណដល់ បងប្អូនវីរកងទ័ពជួរមុខ និងកងនគរបាលជាតិការពារព្រំដែន ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការ ឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អឆាប់ជាសះស្បើយ និងឈ្នះអស់មាសត្រូវឈ្លានពាន។ ជាមួយគ្នានោះ លោក ឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល ជូនមណ្ឌលសុខភាពគូលែនផងដែរ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print