ភ្នំពេញ៖ រយៈពេលជាងមួយសប្ដាហ៏ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ពីសប្បុរសជននានា ជាទ្រព្យធនជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មកយ៉ាងសស្រាក់សស្រាំដដែរ។ អ្វីដែលប្លែក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ សប្បុរសជន បានប្រគល់ម៉ូតូថ្មីៗចំនួន១០ គ្រឿងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់បន្តដល់បងប្អូនកងទ័ពជួរមុខ ដែលមានបូជាសាច់ស្រស់ ឈាមស្រល់ជូនជាតិ ដោយមិនបានបាត់បង់ទឹកដីមួយម៉ែត្រណាឡើយ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២សីហានេះ យើងបានទទួលម៉ូតូថ្មីៗ ចំនួន១០ គ្រឿងពីសប្បុរសជន យើងនិងបញ្ជូន ម៉ូតូថ្មី ទាំងនេះទៅជូនបងប្អូនកងទ័ពជួរមុខភ្លាមៗ។
លោកស្រីដោ សម្ផស្ស បន្តថា៖ យេីងខ្ញុំនៅបន្តរង់ចាំទទួលអំណោយរបស់សប្បុរសជន និង សម្របសម្រួលបញ្ជូនបន្តទៅគោលដៅសមរភូមិ ជួរមុខដែលមានតម្រូវការ ។ ជាមួយគ្នានេះ លោកស្រីសូមគោរព អរគុណស្មារតីខ្មែរជួយខ្មែរយើងជាខឿន ការពារជាតិប្រជាជន ស្មារតីខ្មែរតែមួយ។ គិតត្រឹម ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តទទួលនូវការបរិច្ចាគជាថវិកាសរុបចំនួន ១.២១៧.៩៩១.៦៨៩ រៀលនិងប្រាក់ដុល្លារ ៣៧៤. ៦១៥,០០ ដុល្លារអាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។នេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ ខ្មែរ ៕. ដោយ សំរិត