ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ចប់តំណែង ក្រោយការចោទសួរ និងផ្តន្ទាទោសនៅក្នុងរដ្ឋសភា បញ្ចប់ការកាន់តំណែងរយពេល១៣ឆ្នាំរបស់គណបក្សពលករ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
កាលពីថ្ងៃទី៣១ ខែសីហា សមាជិកព្រិទ្ធសភាប្រេស៊ីល បានបោះឆ្នោតគាំទ្រដកដំណែងប្រធានាពិបតីពីលោកស្រី Dilma Rousseff ក្រោយពេលលោកស្រីទទួលរងការចោទប្រកាន់ពីបទបំពានច្បាប់មូលនិធី និងអំពើពុករលួយ។លោកស្រីនឹងត្រូវហាមមិនឲ្យចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៨ឆ្នាំផងដែរ។
អនុប្រធានាធិបតីលោក Michel Temer និងឡើងកាន់តំណែងប្រធានាធិបតីជំនួសលោកស្រី រ៉ូសេហ្វ រហូតដល់បញ្ចប់អាណាត្តិ។ លោក Temer ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ប្រេស៊ីល បានសន្យាថានឹងដឹកនំាប្រេស៊ីឲ្យរួចផុតពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចនាពេលនេះ។
ការបោះឆ្នោតកាលពីថ្ងៃពុធ កន្លងមកគឺជា ការបញ្ចប់ការចោទប្រកាន់ទោសទៅលើលោកស្រីប្រធានាធបិតី អូសបន្លាយជាច្រើនខែកន្លងមក ។ កាលពីថ្ងៃទី១២ ខែឧសភា លោកស្រី រ៉ូសេហ្វ ត្រូវបានសភាព្យួអភីឯកសិទ្ធ ដើម្បីចោទប្រកាន់ទោសទៅលើលោកស្រី។
ការសម្រេចរបស់ព្រិទ្ធសភាគឺជា ការផ្ញាក់ផ្អើលមួយសម្រាប់លោកស្រី រ៉ូសេហ្វ និងគណបក្សពលករកាន់អំណាចជាង១៣ឆ្នាំកន្លងមក។ កន្លងមកលោកស្រី រ៉ូសេហ្វ បានសន្យាថានឹងមិនបំពានច្បាប់ទៀតឡើយ។
នៅពេលដែលសភាចោទសួរនោះលោកស្រី រ៉ូសេហ្វ ចាត់ទុកថា គឺជាការធ្វើរដ្ឋប្រហារ ។ សមាជិកសភាមួយរូបឈ្មោះCaiado បញ្ចាក់ថា ការចោទប្រកាន់ទោសទៅលើលោកស្រីគឺជាការចង់បានរបស់ពលរដ្ឋទាំងមូល ។ ការចោទប្រកាន់ទោសនោះ ដោយសារតែពលរដ្ឋប្រេសស៊ីលរហូតដល់៩០ភាគរយ មិនចង់ឲ្យគណបក្សពលករកាន់អំណាចទៀតឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី