អភិបាលខេត្តប៉ៃលិន ជំរុញឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តខិតខំរកទីផ្សារកសិផលជូនប្រជាកសិករ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលទីតាំង ឡសម្ងួត និងឃ្លាំងស្តុកដែលទទួលទិញកសិផលពី ប្រជា កសិករ នៅស្រុកសាលាក្រៅ នាថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ក្នុងនាម អាជ្ញាធរ ខេត្ត គឺធ្វើយ៉ាងណាចង់ឱ្យទីផ្សារ កសិផល របស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើឱ្យពលរដ្ឋមានជីវភាពធូរធារ ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុង ការរកទីផ្សារកសិផល ជូនប្រជាពលរដ្ឋ បើទោះបីជាទីផ្សារ ក្នុងខេត្តបច្ចុប្បន្នកំពុងមានភាពល្អប្រសើក៏ដោយ ជាពិសេសត្រូវខិតខំរក ដៃគូវិនិយោគ លើផ្នែកកសិកម្មព្រមទាំងលើកកម្ពស់ទីផ្សារ កសិផល ឱ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយអាចជួយឱ្យប្រជាកសិករ មានភាពងាយ ស្រួល ក្នុងការទិញ – លក់ ដោយមានទីផ្សារ ស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ»។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ បញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានជំរុញឱ្យ ក្រសួងពាណិជ្ជកម្ម និងក្រសួង ពាក់ព័ន្ធ រួមទាំងរដ្ឋបាល ថ្នាក់ក្រោម ជាតិត្រូវ បន្ត ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ពី ផលិតផលខ្មែរ និងផ្តល់ជំនាញ នានា ដល់ផលិតករ លើដំណើរការខ្សែសង្វាក់ផលិតកម្ម, ការពង្រឹងគុណភាព, សុវត្ថិភាព ផលិតផល ការកែច្នៃ និងការវេចខ្ចប់ជាដើម ដែលឆ្លើយតបទៅនឹង ទីផ្សារក្នុងប្រទេសនិង ក្រៅប្រទេស ជាពិសេស ត្រូវរៀបចំចងក្រង ផលិតផលក្នុងស្រុក ដែលមានសក្ដានុពល ក្នុង មូលដ្ឋានរបស់ខ្លួន ដោយបញ្ចូល ជាផលិតផល ភូមិមួយ ផលិតផល មួយ ស្របតាមគោលនយោបាយ ជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រាប់ ឆ្នាំ២០១៦ ដល់ ២០២៦ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ស្របពេលបងប្អូនពលករយើងនៅប្រទេសថៃ បានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញដោយសារសង្គ្រាមឈ្លានពាន ដែលមានតម្រូវការការងារក្នុងស្រុកច្រើន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ស្ថាប័នជំនាញ ពាក់ព័ន្ធត្រូវបន្តខិតខំរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងបញ្ហា ផលប៉ះពាល់បរិស្ថាន តាមសៃឡូ និងទីលានហាលកសិផល ដូចជា៖ ជះក្លិន មិនល្អ និង បង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរ បឹងបួ បង្កជាផលប៉ះពាល់ ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែល រស់នៅក្បែរនោះ ជាពិសេសត្រូវ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល តាមទីតាំងទិញ – លក់ កសិផល ឱ្យមានភាពសុក្រឹត ត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ ជាធរមាន ជៀសវាងការកេងចំណេញ ដោយប្រការណាមួយដែលធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ៕

...

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print