សមាជិកអង្គទូតនិងភ្នាក់ងារជំនាញអ.ស.ប គាំទ្រចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សមាជិកអង្គទូតនិងភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ អ.ស.ប គាំទ្រចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីធានឱ្យប្រជាពលរដ្ឋអាចបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាពវិញ។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ប្រធាន ព្រមទាំងតំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ ជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានចំនួនសរុប២៦រូប។
គណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ចំនួនពីរគឺ នៅភូមិថ្មដូន និងភូមិ តាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលជាច្រើនរួមមានផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ទីសក្ការៈបូជា និងវត្តអារាម ត្រូវបាន បំផ្លិចបំផ្លាញដោយសារ ការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ថៃ ក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ នៅមុនពេលបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ចូលជាធរមាន។
គណៈប្រតិភូបានចុះសួរសុខទុក្ខជនភៀសសឹកចំនួន៤៤០គ្រួសារ នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ ចាស់ ឃុំបេង ខេត្តឧត្តរមានជ័យ និងចំនួន៦៩០គ្រួសារ នៅវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងទាំងពីរនេះ។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាបានឱ្យដឹងថា មានគ្រួសារសរុបចំនួន៤០.៨៧០ ស្មើនឹង១៣៦.០១៣ នាក់ មកពីខេត្តជាប់ព្រំដែនចំនួនប្រាំដែលរងផលប៉ះពាល់។
សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុងទស្សនកិច្ចនេះបាន សម្តែងការអាណិតអាសូរយ៉ាងស្មោះជូនចំពោះបងប្អូន ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិច ប្រដាប់អាវុធនេះ គណៈប្រតិភូបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រម ព្រៀងបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅសម្រេចបានដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ជារួម សមាជិកអង្គទូត និងភ្នាក់ងារ ជំនាញ បានសម្តែងនូវក្តីសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់ៗនេះ ហើយបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ សមាជិកអង្គទូត និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ក៏បានគាំទ្រយ៉ាងមុតមាំ ចំពោះការបន្តកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងការសម្រេចបានសន្តិភាពយូរអង្វែង ដើម្បីអនុញ្ញាត ឱ្យបងប្អូនជនភៀសសឹកអាចត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាពរស់នៅប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរផងដែរ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print